ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ
ព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានការគ្រាំទ្រយ៉ាងធំធេង ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលកន្លងមក។ សំណូមពរ បន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ថែរក្សាសមិទ្ធផលដែលសម្រេចបានកន្លងមក ត្រូវពង្រឹង ពង្រីកបន្ថែមទៀត ដើម្បីភាពរីកចម្រើន រុងរឿងជាអមត នៃប្រទេសជាតិយើង។ ក្នុងឱកាសនោះបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។