នារថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា ចន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម សាយ សុផល ទីប្រឹក្សាផ្ទាល់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានរស្មីសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តឧត្តមមានជ័យ សិរីមហាតេជោ (ហៅវត្តជ្រោះជ្រៅ) ស្ថិតក្នុងភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ អង្គកឋិនទានរស្មីសាមគ្គីនេះ បានប្រព្រឹត្តទៅតាមគន្លងទំនៀម ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះសមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ បច្ច័យដែលអង្គកឋិនទាន យកទៅវេរប្រគេនព្រះសង្ឃសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តឧត្តមមានជ័យ សិរីមហាតេជោ មានចំនួន៣៣.៣១៥.០០០៛ ។ ក្នុងឱកាសនេះដែរ លោកជំទាវ ជា ចន្ទទេវី ក៏បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកសារុង និងថវិកាមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន