ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សរុបចំនួន ១១៧នាក់។ កិច្ចសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ១. បង្ហាញមុខងារតំណាង និងរាយការណ៍ ផ្សព្វផ្សាយសកម្មភាពរបស់ព្រឹទ្ធសភា ២.ដើម្បីការផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន។ ៣.ចូលរួមដោះស្រាយផ្ទាល់ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា។ ៤.ការពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន