ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់កូនចៅ ចៅទួតរបស់ព្រះអង្គជាយុទ្ធជនកងទ័ពដ៏អង់អាចក្លាហានរបស់ព្រះរាជាណាចក្រកម្ពុជាយេីង និងប្រជានុរាស្ត្រភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសាមាជិកាព្រឹទ្ធសភា រួមជាមួយលោកជំទាវ ម៉ំ សណ្តាប់ បាននាំយកនូវព្រះរាជបណ្តាំផ្ញេីសួរសុខទុក្ខ ព្រមទាំងពរជ័យ និងព្រះរាជទ្រព្យ ជាថវិកានិងសារុង ជូនវីរកងទ័ព និងជនភៀសសឹកសរុបចំនួន១៤នាក់ និងបន្តទៅមន្ទីពេទ្យព្រះកេតុមាលា មាន ១៧នាក់ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មាន ២០នាក់។
ជាមួយគ្នានេះផងដែរ សម្តេចរាជបុត្រី បានបន្ថែមថវិកា ដែលមានការចូលរួមពីលោកជំទាវប្រធាន មាន សំអាន និង លោកជំទាវ មុំ សណ្តាប់ លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភា ជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកខាងលើ និងកំពុងនៅព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដេីម្បីដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជគំរូដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី១០ព្រឹទ្ធសភា