នាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ មានដូចខាងក្រោម៖១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។៣-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។៤-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។៥-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។៦-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាំង៥ខាងលើ ទៅឱ្យគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន