នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុកពញាក្រែក និងអាជ្ញាធរពាក់ព័ន្ធ បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) អញ្ជើញចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មុននឹងក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឯកឧត្តមអនុប្រធានក្រុម បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមមានសុខភាពល្អគ្រប់ៗគ្នា ព្រមទាំងបានអរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានរៀបចំទីកន្លែង សម្របសម្រួលបែបបទ និងចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ។
ឯកឧត្តមអនុប្រធានក្រុម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា តាមរយៈការហូបស្អាត រស់នៅស្អាត និងគោរពតាមការណែនាំរបស់គ្រូពេទ្យ ពីព្រោះថា ការថែទាំសុខភាព គឺជារឿងសំខាន់សម្រាប់ជីវិតយើងទាំងអស់គ្នា ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុប្រធានក្រុម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបអំពីសភាពការណ៍វិវត្តថ្មីៗ នៃការរំលោភឈ្លានពានរបស់ថៃ មកលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ និងជឿជាក់ទៅលើការដឹកនាំប្រកបដោយគិតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ។
ជាលទ្ធផលនៃការពិនិត្យព្យាបាលជំងឺ នៅស្រុកពញាក្រែក មានប្រជាពលរដ្ឋសរុបចំនួន ៤៥៦នាក់ (នារីចំនួន ២៨៨នាក់ បុរសចំនួន ១៥០នាក់) ក្នុងនោះមានអ្នកជំងឺកំពុងតាមដានចំនួន ១៨នាក់ (នារី ១៥នាក់)៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន