ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាអំពីកិច្ចការជាអាទិភាពតាមគណៈកម្មការនានា និងក្រុមសមាជិកព្រឹទ្ធសភានានា ដើម្បីរៀបចំផែនការបេសកកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ តាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរាជធានី ខេត្ត នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។
អង្គប្រជុំបានពិភាក្សា ចែករំលែកបទពិសោធ និងព័ត៌មានអំពីស្ថានភាពការងារនៅតាមមូលដ្ឋានរបស់ខ្លួន យ៉ាងផុលផុសដើម្បីបង្កើនគណនេយ្យភាពជាមួយអង្គបោះឆ្នោត និងបង្កើនលក្ខណៈងាយស្រួលក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន