នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស បានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ នាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិការបស់ក្រុមយុវជនប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (យ.គ.ស.ហ) ជូនដល់ជនភៀសសឹកនៅមណ្ឌលអនុវិទ្យាល័យសារង្គ មណ្ឌលវត្តផ្លាស់កង់ និងអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ និងអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខ ក្រោមអធិបតីភាពឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ទាប់ទៀត ឯកឧត្តមបន្តសួរសុខទុក្ខជូនថវិកាដល់បងប្អូនសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។កម្មវិធីនេះមានការចូលរួមដោយក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត លោក យឹម សំណាង អភិបាលរងខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងក្រុមការងារផ្សេងទៀត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន