នារសៀលថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំប្រចាំខែ និងត្រៀមចុះបេសកកម្មរបស់ក្រុមសមាជិកព្រឹទ្ធសភា ចន្លោះសម័យប្រជុំលើកទី៤ និងទី៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានសរសើរសមាជិកព្រឹទ្ធសភាដែលបត់បែនបានល្អ ក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានជួយគាំទ្រដល់ជនភៀសសឹក និងកងទ័ព ដែលជាការងារមានអត្ថន័យ និងចាំបាច់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសមាជិកព្រឹទ្ធសភា បន្តស្វែងរកសប្បុរសជនក្នុងនិងក្រៅស្រុក ដើម្បីជួយដល់តំបន់ព្រំដែន រួមទាំងការស្តារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញ។ ឯកឧត្តមបណ្ឌិត បានលើកថា បញ្ហាព្រំដែននឹងចប់តាមរយៈការចរចា មិនមែនការចោទប្រកាន់នោះទេ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យសមាជិកព្រឹទ្ធសភាក្នុងភូមិភាគនីមួយៗ គប្បីជួបឱ្យបានគ្រប់អង្គបោះឆ្នោតក្នុងមណ្ឌលរបស់ខ្លួន នៅឆ្នាំ២០២៦ នេះ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន