គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចុះឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

ក្នុងមុខងារតាមដានការអនុវត្តច្បាប់នៃព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ
បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធាន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ប្រកបដោយក្តីនឹករលឹកជាទីបំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមាន ប្រសាសន៍ស្វាគមន៍នូវវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភានាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលបានបង្ហាញ និងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់គិតគូរអំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តច្បាប់ គោលនយោបាយ ពាក់ព័ន្ធការងារសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
ដើម្បីធ្វើការសិក្សាស្វែងយល់ និងផ្តល់អនុសាសន៍ក្នុងការបំពេញបន្ថែមនូវភាពខ្វះចន្លោះ និងស្វែងរកដំណោះស្រាយសមស្របក្នុងការជួយសម្រួលដល់ការអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។  ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងការអភិវឌ្ឍរីកចម្រើន រួមទាំងបញ្ហាផ្សេងៗមួយចំនួនរបស់ខេត្តផងដែរ។
ក្នុងជំនួបនោះ ឯកឧត្តមប្រធាន បានជម្រាបជូនអំពីគោលបំណងជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មក្នុងខេត្តត្បូងឃ្មុំនាពេលនេះ ដើម្បីប្រមូលបាននូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលអាជ្ញាធរខេត្ត មន្ទីរជំនាញលើកឡើង គណៈកម្មការទី២ព្រឹទ្ធសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ផ្តល់ជាយោបល់ទៅក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចធ្វើការដោះស្រាយ។
កិច្ចប្រជុំពិភាក្សាការងារខាងលើនេះ ប្រព្រឹត្ត ទៅនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ  នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ