ឯកឧត្តម អ៊ុច បូររិទ្ធ ជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី
 
ចែករំលែក ៖

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Datuk Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Datuk Nur Jazlan Mohamed អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ជាពិសេសកាលពីឆ្នាំមុនក្នុងនាមជាប្រធានអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយសម្របសម្រួលកាត់បន្ថយភាពតានតឹង និងជំរុញដំណើរការសន្តិភាពក្នុងតំបន់។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការពង្រឹងទំនាក់ទំនងសភា និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ការងារ សុខាភិបាល និងវិស័យហាឡាល់ ដើម្បីបម្រើផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។
ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានស្វាគមន៍ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់អនុប្រធានទី១ ព្រឹទ្ធសភាម៉ាឡេស៊ី និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការសម្របសម្រួលកម្មវិធីពាក់ព័ន្ធ។ ភាគីទាំងពីរ បានបង្ហាញឆន្ទៈរួមក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ