សុខុមាលភាពប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ
 
ចែករំលែក ៖

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដឹកនាំដោយលោក Philippe PERRUCHET អគ្គនាយកក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA បានរៀបចំពិធីពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានជម្រាបជូនថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល បង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ឱ្យកាន់តែកៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាពជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺ និងរួមចំណែកក្នុងការកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមប្រធានក្រុម បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន LABORATOIRE BIODERMA របស់ប្រទេសបារាំង ចុះមកពិនិត្យនិងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្ខពួក ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។
  ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក កុំផ្អែមពេក និងខ្លាញ់ច្រើនពេក និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។
  ជាលទ្ធផល នៃការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល ១ថ្ងៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ២៧១នាក់ (ស្រ្តី ១៥៩នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ៧នាក់។ ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយជាម្រេច និងគ្រាប់ស្វាយចន្ទីជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន ៧០កញ្ចប់ ដូចជាភេសជ្ជៈយិនស៊ិន សម្លៀកបំពាក់ ឡេលាបដៃ ឡេការពារកម្តៅថ្ងៃ សាប៊ូលាងដៃ និងក្រែមលាបមាត់ចែកជូនក្រុមអ្នកបកប្រែភាសាបារាំង ក្រុមគ្រូពេទ្យបង្អែកស្រុក និងក្រុមការងាររដ្ឋបាលសាលាស្រុកស្អាង ដោយចំណាយថវិកាសរុបចំនួន ៧,៥៩៤,០០០រៀល៕

ប្រភព៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ