គណៈកម្មការទី១ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់(គ.ជ.ប.ជ) និងកិច្ចសហការការងារ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុរដ្ឋស្តីទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់លោកជំទាវរដ្ឋលេខាធិការ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងសហការីដែលមានវត្តមាននៅពេលនេះ។ ឯកឧត្តមក៏បានជម្រាបជូនអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ក៏ដូចជាគណៈកម្មការផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦។ លោកជំទាវ បានបន្ថែមទៀតថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានក្រសួង ស្ថាប័ន មន្ទីរ អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជារចនាសម្ព័ន្ធ និងមានការចូលរួមគាំទ្រ សហការ ពីអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ជាដៃគូជាតិ និងអន្តរជាតិ ផង បានរួមគ្នាជាធ្លុងមួយ ធ្វើសកម្មភាពព្រមៗគ្នា និងកិច្ចប្រតិបត្តិការគ្រប់រូបភាព តាមយុទ្ធសាស្ត្រដែលបានកំណត់ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្លើយតបគ្រប់សភាពការណ៍ និងភាពប្រឈមទាំងឡាយ តាមរយៈយន្តការជាតិ និងយុទ្ធសាស្រ្តគន្លឹះដែលបានគ្រោងទុក។
ជាមួយនេះ ឯកឧត្តមប្រធានបានរំលេចអំពីការងារស្នូលរបស់គណៈកម្មការ គឺការងារសិទ្ធិមនុស្ស ការងារទទួលពាក្យបណ្តឹង និងអង្កេត ដែលជាកិច្ចការមួយពាក់ព័ន្ធនឹងការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលត្រូវមានកិច្ចសហការគ្នា ដើម្បីដោះស្រាយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីអាទិភាពការងារចម្បងចំនួន២ របស់ព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលបានខិតខំបំពេញការងារទោះបីមានបញ្ហាប្រឈមមួយចំនួន សម្រេចបានសមិទ្ធផលសំខាន់ៗ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ