ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យ លោក Jacques GUICHANDUT ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក Jacques GUICHANDUT នាយកគ្រប់គ្រងមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ (PPIOF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវក្តីអំណរអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោក Jacques GUICHANDUT និងសប្បុរសជនទាំងអស់​ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍សិល្បៈ ដើម្បីប្រមែប្រមូលវិភាគទានស្ម័គ្រចិត្តជួយដល់ប្រជាជនភៀសសឹក ដែលបានឃ្លាតចាកពីភូមិឋាន ផ្ទះសម្បែង ដោយសារអំពើឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ។ ឯកឧត្តមបានបន្ថែមថា​ ទឹកចិត្តរបស់លោក Jacques GUICHANDUT និងសប្បុរសជនទាំងអស់ ស្តែងឱ្យឃើញនូវសាម្គីភាព និងជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការតស៊ូការពារបូរណភាពដែនដី ឯករាជ្យភាព អធិប្បតេយភាព​ ដោយផ្អែកលើច្បាប់ ធម្មនុញ្ញ អ.ស.ប និងធម្មនុញ្ញអាស៊ាន។
លោក Jacques GUICHANDUT បានជម្រាបជូនថា ក្រោយពីការសម្តែងអូប៉េរ៉ារឿង Don Giovanni កាលពីខែធ្នូ ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ទទួលបានថវិកាចំនួនទឹកប្រាក់ចំនួន ១៥ ០០០ ដុល្លារអាម៉េរិក ពីការសម្តែង សម្រាប់ប្រគល់ជូន សម្តេចតេជោ ប្រធានព្រឹទ្ឋសភា ក្នុងការរួមចំណែកប្រកបដោយទឹកចិត្តជ្រះថ្លា​ ជួយជនភៀសសឹក ដែលបាននិងកំពុងរងទុក្ខយ៉ាងខ្លាំង ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ទោះបីជាជម្លោះនេះកំពុងឈានដល់ការបញ្ចប់ក៏ដោយ ក៏ការខូចខាតដែលបានបង្កឡើងលើជីវិតមនុស្សជាច្រើន នៅតែមានកម្រិតធ្ងន់ធ្ងរ ហើយមហោស្រព PPIOF សង្ឃឹមយ៉ាងមុតមាំថា ការចូលរួមចំណែកដ៏តិចតួចនេះ នឹងជួយសម្រាលទុក្ខ ព្រមទាំងនាំមកនូវភាពកក់ក្តៅខ្លះ ដល់អ្នកដែលបាននិងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។
លោក Jacques GUICHANDUT បានបន្ថែមថា ការរៀបចំ «ការប្រគំតន្ត្រីដើម្បីសន្តិភាព» (Concert for Peace) នៅឆ្នាំ២០២៦ មានគម្រោងរៀបចំឡើងស្របពេលជាមួយសន្និសីទកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ «ការប្រគំតន្ត្រីដើម្បីសន្តិភាព» និងមានការប្រមូលផ្តុំតារាចម្រៀងល្បីៗលំដាប់ពិភពលោកមកពីបណ្តាប្រទេសនិយាយភាសាបារាំង ក៏ដូចជាបុគ្គលលេចធ្លោក្នុងប្រវត្តិសាស្ត្រសន្តិភាព រួមទាំងអតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ដើម្បីនាំសារអំពីកម្ពុជាសម័យទំនើប មានស្ថិរភាព និងការផ្សះផ្សាជាតិ ក្រោមគំនិត «Peace Cambodia»។
លោក Jacques GUICHANDUT បានសង្កត់ធ្ងន់ថា​ តាមរយៈវប្បធម៌ និងការទូត យើងត្រូវបង្ហាញពិភពលោកថា ប្រទេសកម្ពុជា ជានិមិត្តរូបពិតប្រាកដនៃសន្តិភាព និងថាមវន្ត។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងអំណរគុណ និងសម្តែងការស្វាគមន៍ដ៏កក់ក្តៅចំពោះគម្រោង«ការប្រគំតន្ត្រីដើម្បីសន្តិភាព» និងត្រៀមសហការរួមចំណែកជួយដល់ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍នេះ ឱ្យបានជោគជ័យ៕

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ