ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហឺ ពីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិកាកិច្ចការបរទេសនៃគណៈកម្មាធិការជាតិ និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC)
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជានាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហឺ ពីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិកាកិច្ចការបរទេសនៃគណៈកម្មាធិការជាតិ និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដើម្បីពង្រឹងទំនាក់ទំនង និងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតរវាងគណៈកម្មការ និងក្រុមមិត្តភាពសភានៃស្ថាប័នទាំងពីរ។ អង្គប្រជុំបានឯកភាពគ្នា គិតពិចារណាលើគំនិតផ្តួចផ្តើមរៀបចំផែនទីចង្អុលផ្លូវនៃកិច្ចសហប្រតិបត្តិការវាងគណៈកម្មការ និងក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ក្នុងគោលដៅជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យនៃដែនសមត្ថកិច្ចរបស់ខ្លួន ជាគុណប្រយោជន៍ដល់ការពង្រឹងបន្ថែមទំនាក់ទំនងមិត្តភាពជាប្រពៃណី និង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ ព្រមទាំង ការកសាង«សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
កិច្ចជំនួបខាងលើ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការអគ្គលេខាធិការដា្ឋនព្រឹទ្ធសភា និងខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភាផងដែរ នៅសាលភក្តីវិក្រម៣ នៃព្រឹទ្ធសភា៕

ខ្លឹមសារ៖ គណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ