ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា និងច្បាប់ធានាការទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទីទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំការបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើ ដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មឹងស្មាធិ៍ដើម្បីគោរព វិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

របៀបវារៈទី១៖ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៥។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញឡើងអានរបាយការណ៍សង្ខេបស្តីពី លទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៥ ដោយបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគទាំង៨ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខលើកទឹកចិត្តកងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន។

របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។
នៅរបៀបវារៈទី២នេះ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ និងការមានឡើងយោបល់របស់សមាជិកព្រឹទ្ធសភាចំនួន៥រូប ព្រមទាំងការឆ្លើយបំភ្លឺពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងការឡើងមានយោបល់របស់សមាជិកព្រឹទ្ធសភាចំនួន១រូប ព្រមទាំងការឆ្លើយបំភ្លឺពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ