ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពកម្ពុជា-ចិន
 
ចែករំលែក ៖

នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Wang Ya hui ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងគោលបំណងជម្រាបព័ត៌មានសង្ខេបជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិតទៅចូលរួម «សន្និសីទចិនសាស្ត្រពិភពលោកលើកទី៣» នៅខេត្ត Gansu សាធារណរដ្ឋប្រជាមានិតចិន ដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្តមបណ្ឌិត លើកឡើងពីការបន្តពង្រឹងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនទ្វេឡើង ផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ ២,០០០ឆ្នាំ (ស.វទី១ បេសកជនចិនលោក កាង ថៃ និងចូ អ៊ីង) និងការប្រកាន់ខ្ជាប់នយោបាយចិនតែមួយ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានជំរុញការបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់សមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គមដូចជាជួយសាងសង់សាលារៀន បណ្ណាល័យ អគាររដ្ឋបាល មន្ទីរពេទ្យ និងការផ្តល់ជំនួយដល់ជនភៀសសឹក។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមសង្ឃឹមថា ចិននឹងបន្តជួយតាមដាន និងសម្របសម្រួលឱ្យមានសន្តិភាពនៅតំបន់ព្រំដែន និងស្នើដល់មូលនិធិឱ្យបន្តជួយប្រជាជននៅតាមព្រំដែនកម្ពុជា-ថៃបន្ថែមទៀត។ ឯកឧត្តម បានមានប្រសាសន៍សោកស្តាយលើការខូចខាតនៃប្រាសាទព្រះវិហារ ពីជម្លោះព្រំដែននេះ ដែលចិនក៏ជាសហប្រធាន ICC-Preah Vihear ស្រាប់។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគម និងប្តេជ្ញាពង្រឹងទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបានសហគមន៍ជោគវាសនារួម កម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ