












ក្នុងដំណើរបំពេញបេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញជួបសំណេះសំណាលជាមួយលោក ទ្រីញ ហ៊ូវ វៀន (Trinh Huu Vien) នាយករោងចក្រផលិតចង្ក្រានសន្សំសំចៃថាមពលស៊ីបកូ (SIPCO) និងទស្សនកិច្ចឈ្វេងយល់ពីប្រព័ន្ធចង្វាក់ផលិតកម្មផលិតចង្ក្រាន ស្ថិតនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុនដែលបានធ្វើការផលិតចង្ក្រានផ្តល់ជូនប្រជាជនកម្ពុជាប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅតាមមូលដ្ឋាន និងការការពារបរិស្ថាន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា