




នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា សៀក ផល ម្តាយបង្កើតរបស់ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
តំណាងឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោកជំទាវ បានសម្តែងនូវសេចក្ដីក្រៀមក្រំជាទីបំផុត បន្ទាប់ពីបានទទួលដំណឹង អំពីមរណភាពរបស់ មហាឧបាសិកា សៀក ផល គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ដែលជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏ល្អប្រពៃ និងទឹកចិត្តសន្តោសប្រណីប្រពៃថ្លៃថ្លាបំផុតសម្រាប់ក្រុមគ្រួសាររបស់ឯកឧត្តម។ ទោះបីរូបកាយ មហាឧបាសិកា បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើដែលជាកុសល កិត្តិយសសេចក្តីថ្លៃថ្នូរ ពិតនឹងស្ថិតស្ថេរជានិច្ចក្នុងសន្តានចិត្តបុត្រា បុត្រី ចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ដែលជាទីស្រលាញ់បំផុត។
លោកជំទាវ បានបួងសួងដល់តេជះទសបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា សៀក ផល នឹងទៅសោយសុខក្នុងសុគតិភពដែល ជាទីស្ងប់ជានិច្ចនិរន្តរ៍។
សពមហាឧបាសិកា សៀក ផល ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន