











នាល្ងាចថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងលោក ហ៊ង់ អាញ់យុង (Hoang Anh Dung) នាយកក្រុមហ៊ុនស៊ីបកូ (SIPCO) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងសាងសង់សាលារៀនរវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងក្រុមហ៊ុនស៊ីបកូ ដែលប្រារព្ធរៀបចំនៅមជ្ឈមណ្ឌល Thanh Nga ខេត្តនិញប៊ិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងឱកាសនោះ លោកជំទាវប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលបានសហការជាមួយសមាគមនារី គិតចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន គឺបានអនុវត្តគម្រោងបែងចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាត ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ សរុបចំនួន ៥៥២ ៧៩៧ នៅខេត្តចំនួន១០ ហើយនឹងបន្តផ្តល់បន្ថែមដល់ខេត្តផ្សេងដ៏ទៃទៀត។ ដោយឡែក ក្រុមហ៊ុនបានផ្តល់ជូនថវិកាចំនួន ១៥ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់សាលាបឋមសិក្សាអំពិលក្រៅ នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
តាមរយៈការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន គឺពិតជាបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព ការការពារបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅប្រទេសកម្ពុជា។
បន្ទាប់មក លោកជំទាវប្រធាន និងគណៈប្រតិភូ ក៏បានអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងអាហារសាមគ្គីផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា