













នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សា ហេង សំរិន ទន្លេស្ងួត នៅភូមិត្រពាំងក្រសាំង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានពាំនាំនូវសារអប់រំ និងទស្សនវិស័យយ៉ាងស៊ីជម្រៅទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ជំរុញឱ្យមានការបង្រៀនភាសាអង់គ្លេសដល់កុមារនៅតាមតំបន់ជនបទ ដោយធ្វើយ៉ាងណាឱ្យពួកគេមានឱកាសសិក្សា និងមានសមត្ថភាពចេះភាសាអង់គ្លេស មិនចាញ់កុមាររស់នៅទីក្រុង។ ក្រៅពីទំនាក់ទំនង ភាសាអង់គ្លេស មានអាទិភាពលើវិស័យអប់រំ បច្ចេកវិទ្យា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ ជាដើម។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនសាមគ្គីភាពនៅក្នុងសហគមន៍ ចេះអធ្យាស្រ័យ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងត្រូវចេះរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ។ ជាពិសេស ត្រូវរួមគ្នាជួយដល់កុមារ និងយុវជនឱ្យមានឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ តាមរយៈការជួយជ្រោមជ្រែង និងការផ្តល់អាហារូបករណ៍នានា ដោយឈរលើមនសិការ «ខ្មែរជួយខ្មែរ» និងមិនត្រូវរង់ចាំតែជំនួយ ឬការសង្គ្រោះពីបរទេសនោះទេ។
ឯកឧត្តមបណ្ឌិត ក៏បានលើកសរសើរពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចក្រឡាហោម ស ខេង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដេចពិជ័យសេនា ទៀ បាញ់ ជាដើម ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសាលារៀន និងធ្វើកំណែទម្រង់វិស័យអប់រំ ព្រមទាំងការបន្តដឹកនាំរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាលយុវជនឱ្យមានភាពធន់តាមរយៈយុទ្ធសាស្ត្របញ្ចកោណ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានរំលឹកដល់សិស្សានុសិស្សទាំងអស់នូវរូបមន្តគន្លឹះថា «សុខភាពត្រូវការអាហារូបត្ថម្ភ អប់រំត្រូវការអង់គ្លេស» ដើម្បីរួមគ្នាកសាងធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិយូរអង្វែង។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន