ឯកឧត្តម អ៊ុច បូររិទ្ធ បានអនុញ្ញាតឱ្យឯកឧត្តម Park Joo Bong ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Park Joo Bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម
ទីក្រុងអុីនឆុន នៃសាធារណរដ្ឋកូរ៉េ និងជាទីប្រឹក្សារបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូធុរកិច្ចកូរ៉េ ដែលអញ្ជើញមកកម្ពុជានៅលើកនេះ មានតំណាងមកពីវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម សហគ្រាសខ្នាតតូច និងមធ្យម សហគ្រាសមីក្រូ ក្រុមហ៊ុនផលិតកម្ម ឧស្សាហកម្មដែក សម្ភារសំណង់ និងទ្វារ-បង្អួច ការគ្រប់គ្រង និងយុទ្ធសាស្ត្រធុរកិច្ច ក៏ដូចជាផ្នែកពាក់ព័ន្ធនឹងសមាគមធុរកិច្ច និងសហគ្រិនស្រ្តី។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពជំរុញការវិនិយោគ ការផលិតក្នុងស្រុក ការតភ្ជាប់រវាងក្រុមហ៊ុនកម្ពុជា និងកូរ៉េ ព្រមទាំងការបង្កើនការផ្លាស់ប្តូរប្រជាជន តាមរយៈធុរកិច្ច ទេសចរណ៍ ការងារ និងការអប់រំ។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Park Joo Bong និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តម ក្នុងការជំរុញឱ្យធុរជន និងប្រជាជនកូរ៉េ បានមកឃើញដោយផ្ទាល់ពីសភាពការណ៍ពិត បរិយាកាសវិនិយោគ សក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវនយោបាយបើកទូលាយចំពោះវិនិយោគិនបរទេស ជាពិសេសវិនិយោគិនកូរ៉េ និងត្រៀមសហការជួយសម្របសម្រួលតាមលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យមួយចំនួនដែលមានសក្តានុពលខ្ពស់ រួមមានវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម ជាដើម។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់អំពីការកើនឡើងនៃចំនួនប្រជាជន និងគណៈប្រតិភូកូរ៉េ ដែលមកធ្វើទេសចរណ៍ និងទស្សនកិច្ចនៅកម្ពុជា ដែលជាការបញ្ជាក់ឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម បន្ថែមថា “ឭមួយពាន់ដង មិនស្មើនឹងឃើញម្តង” បើទោះជាមានការផ្សព្វផ្សាយបំភ្លៃការពិត ក្នុងបំណងអាក្រក់ លាបពណ៌កម្ពុជា យ៉ាងណាក៏ដោយ វត្តមានរបស់ ឯកឧត្តម Park Joo Bong និងគណៈប្រតិភូ គឺជាសក្ខីកម្មបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលផ្តល់នូវសន្តិសុខ និងសុវត្ថិភាពពិតប្រាកដ ដែលបង្កលក្ខណៈងាយស្រួល
ក្នុងការអនុវត្តកម្មវិធីផ្លាស់ប្តូរប្រជាជន និងប្រជាជន ក៏ដូចជាការជម្រុញការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម Park បានបញ្ជាក់ថា គណៈប្រតិភូដែលបានមកទស្សនកិច្ចកម្ពុជាលើកមុន បានពាំនាំពីសភាពការណ៍ពិតនៅកម្ពុជា និងបានផ្លាស់ប្តូរមតិសាធារណៈកូរ៉េ រួចហើយ។ គ្រាន់តែដំណើរទស្សនកិច្ចលើកទី១ និងលើកទី២ របស់គណៈប្រតិភូមកកម្ពុជា មានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េប្រមាណ៦០ ត្រូវបានចេញផ្សាយ ហើយឯកឧត្តមមានជំនឿថា ប្រជាជនកូរ៉េកាន់តែយល់ដឹងពីសភាពការណ៍ពិត និងទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។
ភាគីទាំងពីរក៏បានលើកឡើងអំពីការរៀបចំកម្មវិធី Cambodia Investment Roadshow នៅទីក្រុងអុីនឆុន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងឱកាសធុរកិច្ចរបស់កម្ពុជា ជូនដល់ធុរជន និងវិនិយោគិនកូរ៉េ។

ចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញឆន្ទៈបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែជិតស្និទ្ធ និងមានផ្លែផ្កាបន្ថែមទៀត ជាពិសេសលើការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍៕

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ