









នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម និងលោកជំទាវ ចឹក ហេង សមាជិកក្រុម តំណាងរបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន៤ ក្នុងស្រុកពេជ្រាដា រួមមានឃុំក្រង់តេះ ឃុំពូជ្រៃ ឃុំស្រែងអំពូម និងឃុំប៊ូស្រា ដើម្បីឈ្វេងយល់ពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តតួនាទីភារកិច្ចកន្លងមក។
ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។
លោកជំទាវអនុប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំទាំងអស់ និងជំរុញឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរឱ្យបន្តបង្ការ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បញ្ហាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។
ជាមួយគ្នានេះ លោកជំទាវបានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដោយបញ្ជាក់ច្បាស់ថាកម្ពុជាជ្រើសរើសយកការដោះស្រាយបញ្ហាព្រំប្រទល់ជាមួយប្រទេសថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យអាជ្ញាធរជួយផ្សព្វផ្សាយ ពង្រឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភានឹងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីលើកជាអនុសាសន៍ជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយបន្ត៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន