khmer eng
  • ឋានៈ បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា

            ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភាបានកំណត់នូវ អភ័យឯកសិទ្ធិសភា ឋានៈ បុព្វសិទ្ធិ វិសមិតភាព និងលក្ខខណ្ឌ ចាំបាច់នានា ដើម្បីធានាជូនដល់សមាជិកព្រឹទ្ធសភា ក្នុងការបំពេញភារកិច្ច ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ។

            សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា ។ អភ័យឯកសិទ្ធិសភា ត្រូវបានចែកចេញជាពីរផ្នែក គឺ ៖
            ១/. អភ័យឯកសិទ្ធិដាច់ខាត​
    ជាការធានាក្នុងការបញ្ចេញយោបល់ ឬការបញ្ចេញ មតិក្នុងការអនុម័តទាំងឡាយ របស់សមាជិកព្រឹទ្ធសភា នៅក្នុងក្របខ័ណ្ឌនៃការបំពេញតួនាទីជាសមាជិកព្រឹទ្ធសភា ។

            ២/. អភ័យឯកសិទ្ធិដោយប្រៀប
            ជាការធានាមិនឱ្យមានការចោទប្រកាន់ ការចាប់ខ្លួន ឬការឃុំខ្លួនសមាជិកព្រឹទ្ធសភាណាមួយ ។ សមាជិកព្រឹទ្ធសភា មិនអាចឆ្លៀតប្រើអភ័យឯកសិទ្ធិនេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់ សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។ ប្រសិនបើបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺអាចអនុញ្ញាតធ្វើការចោទ ប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនតាមច្បាប់ និងនីតិវិធីបាន លុះត្រាតែមានការលើកអភ័យឯកសិទ្ធិសភាជាមុនសិន ។ ការស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់សមាជិកព្រឹទ្ធសភា រូបណាមួយ ត្រូវធ្វើឡើងដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានភ្ជាប់សេចក្តីថ្លែងហេតុមកជាមួយផង ផ្ញើជូនប្រធានព្រឹទ្ធសភា ។

            ការលើកអភ័យឯកសិទ្ធិសភា ក្នុងរយៈពេលសម័យ ប្រជុំព្រឹទ្ធសភា ត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម ៖
                    -ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់តាមការស្នើសុំពីប្រធាន ឬពីសមាជិកព្រឹទ្ធសភា ចំនួនមួយភាគដប់យ៉ាងតិច ពីព្រះមហាក្សត្រ                  ពីនាយករដ្ឋមន្ត្រី ឬពីប្រធានរដ្ឋសភា ។
                    -កូរ៉ុមប្រជុំលើសពី ពីរភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល ។
                    -ការអនុម័ត តាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

            ការលើកអភ័យឯកសិទ្ធិសភា ក្នុងចន្លោះសម័យប្រជុំ ព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ត្រូវប្រជុំ និង អនុម័តស្របតាមបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា ។         សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ សភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័ត តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

            ក្នុងករណីសមាជិកព្រឹទ្ធសភាណា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្រសួងមានសមត្ថកិច្ចអាចចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនបាន ហើយត្រូវធ្វើសេចក្តី រាយការណ៍ជូនព្រឹទ្ធសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច ។

            ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទ ប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធ សភាបញ្ចេញមតិឱ្យផ្អាក តាមមតិភាគច្រើនបីភាគបួន នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។

            ក្នុងនីតិកាលរបស់ព្រឹទ្ធសភា អាសនៈរបស់សមាជិក ព្រឹទ្ធសភា ត្រូវប្រកាសថានៅទំនេរ ក្នុងករណីលាលែង បោះបង់ចោលការងារ មកពីវិសមិតភាព ប្រាសចាកសមាជិកភាព ឬទទួលអនិច្ចកម្ម ។ អាសនៈរបស់សមាជិកព្រឹទ្ធសភា ដែល នៅទំនេរយ៉ាងតិច៦ខែ មុនចប់នីតិកាល ត្រូវបំពេញជំនួសដោយសមាជិកថ្មី ចេញពីប្រភពដើម ដែលមានអាសនៈទំនេរនោះ ដោយមិនចាំបាច់បោះឆ្នោតសាឡើងវិញ ។

            មុខងារជាសមាជិកព្រឹទ្ធសភា មានវិសមិតភាពជាមួយមុខងារសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ និងវិសមិតភាពជាមួយនឹងការបំពេញមុខងារសាធារណៈជាសកម្ម រួមទាំងការប្រកបការងារក្នុងវិជ្ជាជីវៈសេរីផងដែរ ។