khmer eng
  • នីតិវិធីនៃការពិនិត្យ និងឱ្យយោបល់

            តាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធ​សភា សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តជាលើកដំបូងរួចហើយ ត្រូវ​បញ្ជូនមកព្រឹទ្ធ​សភា ដើម្បីពិនិត្យ និងឱ្យ​យោ​បល់ ។

    ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង តាមនីតិវិធី ដូចខាងក្រោម ៖

    ១. ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់រដ្ឋសភា

    • ពិនិត្យលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែល​រដ្ឋសភា​បញ្ជូន​មក​ និង​សម្រេច​បញ្ជូន​ទៅ​គណៈកម្មការ​ណា​​មួយ​ពិនិត្យ​សិក្សា​ទៅ​តាម​វិស័យជាសមត្ថកិច្ច។

    • ក្នុងករណីសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងពាក់ព័ន្ធនឹងសមត្ថកិច្ចគណៈកម្មការច្រើនគណៈកម្មាធិការអចិន្រ្តៃយ៍សម្រេចចាត់តាំងគណៈកម្មការណាមួយ ឱ្យទទួលបន្ទុកធ្វើរបាយការណ៍ ។

    ២. គណៈកម្មការទទួលបន្ទុកពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់

    • ដំណើរការសុំយោបល់ពីគ្រប់សមាជិកព្រឹទ្ធសភា (យោបល់យល់ព្រម កែសម្រួល បដិសេធ ជាអសារបង់ ភ្ជាប់ដោយការកត់សម្គាល់ និង/​ឬអនុសាសន៍) ជាលាយលក្ខណ៍អក្សរលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងដែលសមាជិកព្រឹទ្ធសភាម្នាក់ៗបានទទួល

    • ការផ្តល់យោបល់ពីសមាជិកព្រឹទ្ធសភា ត្រូវធ្វើក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ បើជាការប្រញាប់មកត្រឹមតែ១ថ្ងៃយ៉ាងយូរ មុនគណៈកម្មការប្រជុំ

    • សមាជិកព្រឹទ្ធសភាគ្រប់រូប មានភារកិច្ចយក សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង មក​ពិនិត្យ​សិក្សា​លម្អិត​ដោយ​ផ្តោត​លើ​​​ខ្លឹមសារ​ទាំង​មូល​នៃ​សេចក្តី​ព្រាង​ច្បាប់​ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលទាក់ទងនឹងវិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌ​​ភូមិភាគរបស់ខ្លួន

    • ក្រុមសមាជិកព្រឹទ្ធសភានីមួយៗ កោះប្រជុំដើម្បីកំណត់អំពីជំហររបស់ក្រុម និងចាត់តាំងតំណាងក្រុម ដើម្បីថ្លែងពីជំហររបស់ក្រុមក្នុងសម័យប្រជុំព្រឹទ្ធសភា

    • គណៈកម្មការទទួលបន្ទុក ត្រូវប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ម្ចាស់សេចក្តីព្រាងច្បាប់ ឬតំណាងហត្ថលេខី ម្ចាស់សេចក្តីស្នើច្បាប់ ​ដោយ​មាន​ការអញ្ជើញតំណាងគណៈកម្មការនានា ឬតំណាងក្រុមសមាជិកព្រឹទ្ធសភា និងអ្នកជំនាញចូលរួម ដើម្បីពិគ្រោះយោបល់ និង​​រៀប​ចំ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាងច្បាប់​ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា

    • ប្រធានគណៈកម្មការទទួលបន្ទុក កាលបើពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ឬ​សំណើ​សុំ​កែ​សម្រួល​រួច​​ហើយ​ ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​មក​ប្រធាន​គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីសុំដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃអង្គ ប្រជុំព្រឹទ្ធសភា និង​​នាំ​យក​យោបល់​របស់​គណៈកម្មការ​ ​មក​ជម្រាប​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​សម័យ​ប្រជុំ​ព្រឹទ្ធសភា ។

    ៣. ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនានា សុំ​ដាក់​បញ្ជូល​ក្នុង​របៀបវារៈ​សម័យ​ប្រជុំ​​ព្រឹទ្ធសភា

    • ប្រធានគណៈកម្មការទទួលបន្ទុក នាំយកយោបល់របស់គណៈកម្មការ មកជម្រាបជូនគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យ និងសម្រេច

    • អង្គប្រជុំត្រូវសម្រេចថា យល់ព្រម ឬមិនយល់ព្រម ដើម្បី​ដាក់​បញ្ចូល​សេចក្តី​ព្រាងច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬបញ្ហា​ទាំង​ពួង​នោះ​ ទៅ​​ក្នុង​​​របៀបវារៈ​​នៃ​​សម័យ​​ប្រជុំ​​ព្រឹទ្ធសភា ។

    ៤. ប្រជុំព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង

    • កូរ៉ុម ត្រូវ​តែ​មាន​គ្រប់​ចំនួន​នៅ​ពេល​បើក​ការប្រជុំ​ និង​នៅ​ពេល​អនុម័ត ។ បើ​កូរ៉ុម​មិន​គ្រប់​ ក្នុង​រយៈពេល​៣០នាទី​ ក្រោយ​ពេល​កំណត់​ចាប់​​ផ្តើម​ការ​ប្រជុំ​ ប្រធាន​អង្គ​ប្រជុំ​ត្រូវ​លើក​ពេល​ប្រជុំ​

    • តំណាង​រាជ​រដ្ឋាភិបាល ម្ចាស់​សេចក្តី​ព្រាង​ច្បាប់​ ឬ​តំណាង​ហត្ថលេខី​ម្ចាស់​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង ​ដែល​មក​ការ​ពារ​ ត្រូវ​មាន​​​វត្ត​មាន​នៅ​ក្នុង​សាល​ប្រជុំ​ តាម​ការ​អញ្ជើញ​របស់​ប្រធាន​ព្រឹទ្ធសភា

    • ដំណើរ​ការ​ប្រជុំ​ ត្រូវ​ធ្វើ​តាម​របៀបវារៈ​ ។ មុន​​ចាប់​​ផ្តើម​​សម័យ​​ប្រជុំ​​ ព្រឹទ្ធសភា​ត្រូវ​អនុម័ត​របៀបវារៈ​ និង​សមាសភាព​លេខាធិការ​សម័យ​ប្រជុំ​​នីមួយៗ​

    • ការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬ​បញ្ហា​ទាំង​ពួង​ នៅ​ក្នុង​អង្គ​ប្រជុំ​ព្រឹទ្ធសភា ផ្តើម​ឡើង​ដោយ​ការ​បង្ហាញ​​របាយការណ៍​របស់​គណៈកម្មការទទួលបន្ទុក

    • អង្គ​ប្រជុំ​ព្រឹទ្ធសភា​ ពិនិត្យ​​ពិភាក្សា​​លើ​សេចក្តី​​ សន្និដ្ឋាន​​រួម​​របស់​​គណៈកម្មការ​​ទទួល​​បន្ទុក​​។​ តំណាង​​ក្រុម​​សមាជិក​​ព្រឹទ្ធសភា​​នីមួយៗ​​ ដែល​​​ប្រធាន​​អង្គ​​ប្រជុំ​​បាន​​អនុញ្ញាត​​ឱ្យ​​មាន​​យោបល់​​ ត្រូវ​​មាន​​យោបល់​​តែ​​អំពី​​រឿ​ង​ ដែល​​កំពុង​​តែ​​ពិភាក្សា​​ប៉ុណ្ណោះ​​

    • តំណាង​រាជ​រដ្ឋាភិបាល​ ម្ចាស់​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ ដែល​មក​ការពារ​ ត្រូវ​ឆ្លើយ​បំភ្លឺ​ចំពោះ​យោបល់​ របស់​​សមាជិក​ព្រឹទ្ធសភា​ ដែល​បាន​លើក​ឡើង

    • អង្គ​ប្រជុំ​ព្រឹទ្ធសភា​ពិនិត្យ​ និង​ឱ្យយោបល់​(យល់​ព្រម​ ដោយ​ឥត​កែប្រែ ទទួល​យក​យោបល់​សុំ​កែសម្រួល​ ឬ​ទទួល​យ​ក​យោបល់​សុំ​បដិសេធ​​​ជា​អសារបង់ )​

    • បន្ទាប់​ពី​ព្រឹទ្ធសភា​ បាន​ពិនិត្យ​ និង​ឱ្យ​យោបល់​រួច​ហើយ​ សេចក្តី​ព្រាង​ច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំងពួង​នេះ​ ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​​វិញ​ ។