khmer eng
  • អំពីការប្រជុំរបស់ព្រឹទ្ធសភា

    ​        ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរ​​ ដងក្នុងមួយឆ្នាំ ។ សម័យប្រជុំនីមួយៗ មានថិរវេលាយ៉ាងតិចបីខែ ។ បើមានសំណូមពរ ពីព្រះមហាក្សត្រ ឬសេចក្តីស្នើសុំពី នាយករដ្ឋមន្ត្រី ឬពីសមាជិក ព្រឹទ្ធសភាចំនួនមួយភាគបីយ៉ាងតិច ព្រឹទ្ធសភាអាចកោះប្រជុំ ជាវិសាមញ្ញ ។ រាល់ការប្រជុំរបស់ព្រឹទ្ធសភា អាចប្រព្រឹត្តទៅបាន លុះត្រាមានប្រធានដឹកនាំ ហើយត្រូវមានកូរ៉ុមគ្រប់ចំនួន ទាំងនៅពេលបើកការប្រជុំ និងនៅពេលអនុម័ត ។

            គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ជាអ្នករៀបចំរបៀបវារៈក្នុង សម័យប្រជុំនីមួយៗ ។ ការកំណត់ថ្ងៃប្រជុំ ត្រូវធ្វើជាលិខិតផ្ញើទៅ ជូនសមាជិកព្រឹទ្ធសភា ។ បើមានការកំណត់ ផ្ទាល់មាត់ក្នុងពេលប្រជុំ ការកំណត់នេះ ត្រូវធ្វើជាលិខិតផ្ញើទៅ សមាជិកព្រឹទ្ធសភា ដែលមិនបានមកប្រជុំ ។ តាមធម្មតាត្រូវកំណត់ ០២ថ្ងៃ មុនពេលប្រជុំ ដោយមានភ្ជាប់ទៅជាមួយ នូវរបៀបវារៈប្រជុំ វៀរលែងតែក្នុងករណីប្រញាប់ ។

            ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ និងត្រូវផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ ។ កំណត់ហេតុនៃ ការប្រជុំព្រឹទ្ធសភា មានកំណត់ហេតុសង្ខេប និង កំណត់ហេតុពិស្តារ ។ កំណត់ហេតុទាំងអស់ ត្រូវតម្កល់ទុកក្នុង បណ្ណសារដ្ឋានព្រឹទ្ធសភា ។

            ព្រឹទ្ធសភា អាចកោះប្រជុំជាសម្ងាត់បាន តាមសំណើ សុំពីប្រធានព្រឹទ្ធសភា ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយភាគ ដប់យ៉ាងតិច ឬពីព្រះមហាក្សត្រ ឬពីប្រធានរដ្ឋសភា ឬពីនាយករដ្ឋមន្ត្រី ។

            អាសនានុក្រម របស់សមាជិកព្រឹទ្ធសភា ត្រូវរៀបតាម ក្រុមសមាជិកព្រឹទ្ធសភានីមួយៗ ។ ក្រុមនីមួយៗត្រូវមានសមាជិក យ៉ាងតិច១០រូប ។ សមាជិកព្រឹទ្ធសភា១រូប អាចចូល ជាសមាជិកក្រុមបាន តែមួយប៉ុណ្ណោះ ។ ក្រុមនីមួយៗត្រូវមាន ប្រធាន១រូប និង អនុប្រធាន១រូប ។

            សមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជ្រើសតាំងដោយរដ្ឋសភា និងគណបក្សនយោបាយដែលមាន អាសនៈតិចជាងដប់ អាចជ្រើសរើសចូលជាមួយ ក្រុមណាមួយ តាមការពេញចិត្តរបស់ខ្លួន ។ បញ្ជីរាយនាមរបស់ ក្រុមសមាជិកព្រឹទ្ធសភា ត្រូវផ្ញើជូនប្រធានព្រឹទ្ធសភា ។

            ក្រុមសមាជិកព្រឹទ្ធសភា បំពេញតួនាទី ដើម្បីប្រមូលផ្តុំបញ្ញាញាណ នយោបាយរបស់ព្រឹទ្ធសភា សំដៅបម្រើឱ្យការបញ្ចេញយោបល់ របស់តំណាងក្រុមនៅក្នុង សម័យប្រជុំព្រឹទ្ធសភា។ ពហុនិយមខាងនយោបាយ ត្រូវអនុវត្តដោយ ថ្លៃថ្នូរ មានគុណធម៌ និងសុជីវធម៌ ក្នុងក្របខ័ណ្ឌនៃក្រមសីលធម៌ សមាជិកព្រឹទ្ធសភា គ្មានការរំលោភបំពាន និងគ្មានការរើសអើង សក្តិសមទៅនឹងលក្ខន្តិកៈទូទៅ របស់សមាជិកព្រឹទ្ធសភា ដែលជាតំណាងឱ្យភូមិភាគ និងប្រជាជាតិខ្មែរទាំងមូល។

            ក្រុមសមាជិកព្រឹទ្ធសភា មានភារកិច្ចដូចខាងក្រោម

    • រួម​គ្នា​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ដើម្បី​រៀប​ចំ​តំណាង​ក្រុម​ ​យោបល់​ក្នុង​នាម​ក្រុម​នៅ​ក្នុង សម័យ​ប្រជុំ​ព្រឹទ្ធសភា​ និង​ប្រកាន់​ជំហរ​រួម​របស់ ​ក្រុម​ក្នុង​ការ​អនុម័ត​

    • រួមគ្នាផ្តួចផ្តើមគំនិត ស្នើច្បាប់ ឬ ស្នើវិសោធនកម្មច្បាប់

    • រួមគ្នាប្រជុំ ដើម្បីចែករំលែកព័ត៌មាន ពិគ្រោះគ្នាកំណត់គោលជំហរ របស់ក្រុម ទៅលើបញ្ហា បច្ចុប្បន្នភាពណាមួយ ដែលក្រុមត្រូវយកចិត្តទុកដាក់ ក្នុងការថ្លែង ឬ ប្រកាសជំហរជាសាធារណៈ ។

            ជាគោលការណ៍ រយៈពេលបញ្ចេញយោបល់សម្រាប់ ក្រុមសមាជិកព្រឹទ្ធសភានីមួយៗ ត្រូវបានកំណត់ ។ សមាជិកព្រឹទ្ធសភា តំណាងក្រុមនីមួយៗ ដែលបានសុំចុះឈ្មោះ បញ្ចេញយោបល់ អាចនិយាយបាន ២០នាទីយ៉ាងយូរ ។ សមាជិកព្រឹទ្ធសភា តំណាងក្រុមនីមួយៗ ដែលគ្រាន់តែសុំ ឆ្លើយតប និយាយបានត្រឹមតែ៥នាទី ប៉ុណ្ណោះ ។

            បើប្រធានព្រឹទ្ធសភាយល់ថា ជាការចាំបាច់ ឬ ជាការមានប្រយោជន៍ក្នុងការពិភាក្សា នោះប្រធានអាចអនុញ្ញាត បន្ថែមពេលឱ្យនិយាយបាន ១០នាទីទៀត ។ ការបន្ថែមនេះ អាចឱ្យបន្តបានពីរដង ក្នុងប្រធានបទតែមួយ ។ សមាជិកក្នុង ក្រុមជាមួយ មានសិទ្ធិសុំបញ្ចេញមតិ បន្ថែមក្នុងប្រធានបទដដែល និងក្នុងរយៈពេលដែល នៅសល់ពីការកំណត់ខាងលើ ។

            សូមបញ្ជាក់ជូនថា បទប្បញ្ញត្តិអំពី ការសុំចុះឈ្មោះបញេ្ចញយោបល់ និងការកំណត់រយៈពេល បញ្ចេញយោបល់ ខាងលើ ប្រើសម្រាប់តែសមាជិកព្រឹទ្ធសភា តែប៉ុណ្ណោះ មិនយកមកប្រើសម្រាប់តំណាង រាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សេចក្តីស្នើច្បាប់ ឬអ្នកជំនាញការពារសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ ឬ បញ្ហាទាំងពួងនោះទេ ។

    គំនូសអាសនានុក្រមរបស់សមាជិកព្រឹទ្ធសភា រៀបតាមក្រុមសមាជិកនីមួយៗ

    (ប្រការ៣៨ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា)

    គំរូលិខិតស្នើសុំបញ្ចេញយោបល់