



នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូខេត្តហៃឡុងជាំង ដឹកនាំដោយឯកឧត្តម HAN Shengjian អភិបាលរងខេត្តហៃឡុងជាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង “មិត្តភាពដែកថែប” រវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបនេះគឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានលើកឡើងពីវិស័យកសិកម្ម និងទេសចរណ៍របស់កម្ពុជា ដែលមានសក្តានុពលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត ហៃឡុងជាំង ដោយឯកឧត្តមអនុប្រធានទី១ បានស្នើភាគីចិនជួយជំរុញការនាំចូលអង្ករកម្ពុជា និងការផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីបង្កើនទិន្នផលស្រូវ។ បន្ថែមពីលើនេះ ឯកឧត្តមបានជំរុញឱ្យមានការវិនិយោគលើការកែច្នៃកសិផលនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃបន្ថែម ដូចជាការកែច្នៃកន្ទក់ទៅជាប្រេង និងការកែច្នៃផ្លែស្វាយចន្ទីទៅជាផលិតផល សម្រេច។ ឯកឧត្តមអនុប្រធានទី១ ក៍បានស្នើថ្នាក់ដឹកនាំខេត្ត ហៃឡុងជាំង ជួយជំរុញទេសចរចិន ជាពិសេសប្រជាជននៅខេត្ត ហៃឡុងជាំង ដែលមានចំនួនជាង៣០លាននាក់ មកកម្សាន្តនៅប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម HAN Shengjian អភិបាលរងខេត្តហៃឡុងជាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួប និងបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយឯកឧត្តមបានសន្យាថានឹងធ្វើឱ្យសម្រេចបាននូវអ្វីៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ ឯកឧត្តម អភិបាលរងខេត្តបានបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លារបស់ខេត្តហៃឡុងជាំង លើវិស័យឧស្សាហកម្មធុនធ្ងន់ ការផលិតគ្រឿងចក្រកសិកម្ម ការប្រើប្រាស់ដ្រូន (Drone) និងមនុស្សយន្តក្នុងវិស័យកសិកម្ម ដែលជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការសិក្សា និងទទួលយកបទពិសោធន៍ទាំងនេះ។ លើសពីនេះ ភាគីចិនបានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការផ្សព្វផ្សាយទេសចរណ៍វប្បធម៌របស់កម្ពុជា តាមរយៈទិវាព្រិល ទឹកកកលំដាប់ពិភពលោក នៅទីក្រុងហារប៊ីន (Harbin) ដោយឯកឧត្តមបានជម្រុញឱ្យមានការផ្លាស់ប្តូរទេសចរ និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងខេត្ត ហៃឡុងជាំង និងកម្ពុជា។
ទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវឆន្ទះយ៉ាងមុតមាំថា នឹងបន្តពិភាក្សានូវអ្វីដែលបានលើកឡើងនៅទីនេះ ដើម្បីធ្វើឱ្យសម្រេចបានជាផ្លែផ្កា ក្នុងការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងជាលំដាប់៕
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន