




នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា អមដោយមន្ត្រីស្ថានទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ ក្នុងវិមានសាមគ្គីនៃព្រឹទ្ធសភា។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ដែលបានទទួលការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា និងបានអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតសភារវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានគូសបញ្ជាក់ថា កម្ពុជា-ឡាវ មានចំណងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការល្អប្រសើរ តាមរយៈប្រវត្តិសាស្ត្រ ប្រជាជន វប្បធម៌ អរិយធម៌ និងការតស៊ូរួមគ្នា ដើម្បីឯករាជ្យភាពដ៏យូរលង់របស់ប្រទេសទាំងពីរ។ ឯកឧត្តមអនុប្រធានទី១ បានកោតសសើរចំពោះព្រឹត្តិការណ៍សំខាន់ៗ រំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូត នៅក្នុងប្រទេសទាំងពីរ ដែលជាសាមគ្គីភាពបង្ហាញឱ្យឃើញពីការពង្រឹងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីពហុវិស័យកាន់តែរឹងមាំថែមទៀត ក្រោមក្របខ័ណ្ឌនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកម្ពុជា-ឡាវ”។លើសពីនេះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានជម្រាបជូនអំពីអាទិភាពចម្បងទាំងពីរ របស់ព្រឹទ្ធសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ជាពិសេស «ការទូតសភា» ដែលមានទិសដៅសម្រាប់ពង្រឹងពង្រីក និងរឹតបន្តឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តទាំងអស់សំដៅ-រួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងសកល ដែលផ្ដល់ផលប្រយោជន៍រួម ក្នុងបរិបទដែលស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងមានការវិវត្តប្រែប្រួលឆាប់រហ័ស និងពិបាកប៉ាន់ស្មាន។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្តែងនូវអរគុណយ៉ាងជ្រាលជ្រៅចំពោះពាក្យពេចន៍ដ៏កក់ក្ដៅនិងទស្សនៈប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានលើកឡើងថា ការបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត មានអារម្មណ៍ដូចជា «កំពុងនៅក្នុងមាតុភូមិ» របស់ឯកឧត្តមផ្ទាល់ ដោយសារតែភាពស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររវាងប្រជាជនទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័សនូវសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ តាមរយៈការសង្កេតឃើញដោយផ្ទាល់នូវស្ថិរភាពដ៏យូរអង្វែងក្នុងផ្នែកនយោបាយ និងសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត បានព្យាករណ៍ដោយទំនុកចិត្តថា «កម្ពុជានឹងកាន់តែខ្លាំងក្លា រឹងមាំ»។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានរំលេចពីវឌ្ឍនភាពនិងសមិទ្ធផលជាក់ស្ដែងនានាដែលកើតចេញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ រាប់ទាំងការចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូនទំនិញកសិកម្មកម្ពុជាទៅកាន់ទីផ្សារតំបន់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿន។ឯកឧត្តមក៏បានជម្រាបជូនអំពីភាពធន់សេដ្ឋកិច្ចកម្ពុជា សក្តានុពលកសិកម្ម និងការត្រៀមជួយភ្ជាប់ទំនិញឡាវទៅទីផ្សារសកលតាមច្រករបៀងកម្ពុជា ព្រមទាំងបានបញ្ជាក់ពីសារៈសំខាន់នៃការគោរពបូរណភាពទឹកដី ច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។កិច្ចសន្ទនាប្រកបដោយផ្លែផ្កានេះ ទទួលបាននូវទស្សនៈជាជំហាន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅនៅក្នុងកិច្ចការសភា រដ្ឋាភិបាល ប្រជាជន និងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជា-ឡាវ៕
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភារូបភាព៖ នាយកដ្ឋានព័ត៌មាន