





នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ផាង ឈីវី (PANG Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីនៃព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ដែលបានទទួលការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សិង្ហបុរីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ, ពាណិជ្ជកម្ម, បរិវត្តកម្មឌីជីថល, និងការអភិវឌ្ឍធនធានមនុស្សជាដើម។
នាឱកាសនោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានគូសបញ្ជាក់ថា «ការទូតសភា» ត្រូវបានកំណត់ជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពសំខាន់ពីរ សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ទាំងអស់ក្នុងពិភពលោក ។
ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានផ្ដោតសារសំខាន់លើការរៀបចំជាទៀងទាត់នូវ «កិច្ចពិគ្រោះយោបល់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ» ដើម្បីចែករំលែកទស្សនៈនិងគោលជំហរលើកិច្ចការតំបន់និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម ក្នុងទិសដៅពង្រឹងភាពជាដៃគូ និងការលើកកម្ពស់ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបរិបទដែលស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងមានការវិវត្តប្រែប្រួលឆាប់រហ័ស និងពិបាកប៉ាន់ស្មាន។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាពាំនាំសំណើខាងលើទៅរដ្ឋសភាសិង្ហបុរី ដោយគូសបញ្ជាក់ពីទំនាក់ទំនងរឹងមាំ និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបអំពីគំនិតផ្តួចផ្តើមនានារបស់សិង្ហបុរីក្នុងការភ្ជាប់ទំនាក់ទំនងរវាងនិយ័តករនិងភ្នាក់ងារធុរកិច្ចដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងការភ្ជាប់ទំនាក់ទំនងខ្សែច្រវាក់ផ្គត់ផ្គង់កសិផល, ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ រួមទាំងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ, គោលនយោបាយបើកចំហសម្រាប់អ្នកស្វែងរកការងារធ្វើពីកម្ពុជា ឬស្វែងយល់ពីបទពិសោធល្អៗក្នុងវិស័យសណ្ឋាគារ-បដិសណ្ឋារកិច្ច និងការកែច្នៃចំណីអាហារព្រមទាំងកិច្ចសហប្រតិបត្តិការថាមពលក្រោមក្របខ័ណ្ឌបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។
ជាមួយនឹងការស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមដ៏សំខាន់ខាងលើ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានចង្អុលបង្ហាញអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងផ្ដល់អនុសាសន៍លើកទឹកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនសិង្ហបុរីឱ្យអញ្ជើញមកវិនិយោគដោយផ្ទាល់លើការដំណើរការរោងចក្រកែច្នៃខ្សែច្រវាក់តម្លៃកសិកម្មជាក់លាក់នានានៅកម្ពុជា ដែលប្រការនេះនឹងអាចជួយពង្រីកទីផ្សារការងារនៅកម្ពុជា និងនាំចេញដើម្បីបំពេញតម្រូវការក្នុងស្រុករបស់សិង្ហបុរីវិញ ដោយឆ្លងកាត់បទដ្ឋានត្រួតពិនិត្យដ៏ត្រឹមត្រូវ។
នៅចុងបញ្ចប់ ឯកឧត្តមទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រែក្លាយសុឆន្ទៈការទូត ទៅជាផលប្រយោជន៍សេដ្ឋកិច្ច-សង្គមជាក់ស្តែង តាមរយៈការអនុវត្តកិច្ច ព្រមព្រៀងសំខាន់ៗលើវិស័យពាណិជ្ជកម្ម សមាហរណកម្មថាមពលការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងកិច្ចសហប្រតិបត្តិការរវាងសភា និងសភា។
ជំនួបខាងលើបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាលជាមិត្តភាព ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ ជាមួយការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន