



ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្នុងឃុំគោករមៀត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ព្រំដែនបឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ន និងផលប៉ះពាល់នានាដែលកើតមាននៅក្នុងតំបន់នេះ។
ឯកឧត្តមបណ្ឌិត អមដំណើរដោយសហការី មន្ត្រីមូលដ្ឋាន និងមិត្តបរទេស បានទៅដល់រង្វង់មូលបឹងត្រកួន ដែលមានចម្ងាយប្រមាណ១០០ម៉ែត្រពីទីតាំងដែលទាហានថៃដាក់កុងតឺន័រ កាត់ភូមិខ្មែរ និងបានស្តាប់ការរាយការណ៍ពីកងកម្លាំង និងមន្ត្រីមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់កងកម្លាំង ដែលបាននិងកំពុងខិតខំការពារទឹកដី ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរផងដែរចំពោះក្រុមប្រឹក្សាឃុំ ដែលបានយកចិត្តទុកដាក់ជួយដល់ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្ថានភាពលំបាក និងបានលើកទឹកចិត្តឱ្យបន្តជួយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យសុក្រឹត និងទាន់ពេលវេលា៕
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន