ឯកឧត្តម ឆាយ វណ្ណា ជួបជាមួយតំណាងស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានរំលឹកអំពី ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងធ្លាប់ជួយគាំទ្រគ្នាទៅវិញទៅមក។
ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ដើម្បីចូលមកវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះឯកឧត្តមបមានជំនឿជឿជាក់ថា តាមរយៈស្ថានទូតនៅពេលអនាគត អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឆាយ វណ្ណា បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្តាសភា និងប្រទេសនានានៅលើពិភពលោក។
ជាការឆ្លើយតប ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ តាមរយៈស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឯកឧត្តមនឹងធ្វើការផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគទុននៅប្រទេសឥណ្ឌូនេស៊ី ដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ