ឯកឧត្តម ឆាយ វណ្ណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Mohamad S ALHAJRI ឯកអគ្គរាជទូតគូវ៉ែតទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា
 
ចែករំលែក ៖

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១:០០រសៀល ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mohamad S ALHAJRI ឯកអគ្គរាជទូតគូវ៉ែតទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តមលេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានជម្រាបជូនឯកឧត្តម Mohamad S ALHAJRI អំពីការទំនាក់ទំនងចំណងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសគូវ៉ែតដែលមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់ណាស់មកហើយ និងធ្លាប់ជួយគាំទ្រគ្នាទៅវិញទៅមក។
ឯកឧត្តមបានលើកឡើងថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសកម្ពុជាសូមស្វាគមន៍អ្នកវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីចូលមកវិនិយោគនៅកម្ពុជា ក្នុងនោះឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈស្ថានទូតនៅពេលអនាគតនឹងមានអ្នកវិនិយោគមកពីប្រទេសគូវ៉ែតនឹងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម Mohamad S ALHAJRI បានកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយកំពុងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។
តាមរយៈស្ថានទូតគូវ៉ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសន្យាថានឹងខិតខំធ្វើការផ្សព្វផ្សាយ និងជម្រុញដល់អ្នកវិនិយោគទុននៅប្រទេសគូវ៉ែតដើម្បីមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ បន្ទាប់មកឯកឧត្តមលេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា លើកឡើងអំពីស្ថាប័នព្រឹទ្ធសភាជាស្ថាប័នកំពូលរបស់ជាតិដែលមានមុខអារនីតិកម្ម មុខងារតំណាង និងមុខងារតាមដានការអនុត្តន៍ច្បាប់។ ចំពោះកិច្ចការសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងជាមួយសភាគ្រប់បណ្តាប្រទេសទាំងអស់។ ឯកឧត្តមមានសង្ឃឹមថា នៅពេល អនាគតសភានៃប្រទេសទាំងពីរនឹងបង្កើតទំនាក់ទំនងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើថែមទៀត៕

ប្រភព៖ លេខាធិការដ្ឋានអមគណៈកម្មការទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ