សមាជិក ក្រុមប្រឹក្សាភិបាល នៃគណៈប្រតិភូសភាកម្ពុជា អញ្ជើញបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី
 
ចែករំលែក ៖

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សមាជិកក្រុមប្រឹក្សាភិបាលចំនួនបីរូប នៃគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា (IPU) បានអញ្ជើញបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១២ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147) ក្នុងទីក្រុង Luanda ប្រទេស Angola។ ក្រោយការបោះឆ្នោត លោកជំទាវ Tulia Ackson ប្រធានសភាប្រទេស Tanzania បានជាប់ឆ្នោតជាប្រធាន IPU ថ្មី សម្រាប់អាណត្តិ២០២៣-២០២៦។ ក្រុមប្រឹក្សាភិបាល ក៏បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ IPU ចំនួន០៧រូប ដែលជាតំណាងមកពីតំបន់ភូមិសាស្ត្រនយោបាយនីមួយៗ និងបានបោះឆ្នោតជូនបេក្ខភាពមកពីប្រទេសស្វីស ជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា។ ក្រុមប្រឹក្សាភិបាលទី២១២ បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា (Decisions of the Committee on the Human Rights of Parliamentarians) ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សរបស់សមាជិកសភានៅក្នុងពិភពលោក ដែលបានដាក់បញ្ចូលប្រទេសចំនួន១៥ មកពីតំបន់អាស៊ី តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិក ក្នុងនោះមិនមានប្រទេសកម្ពុជាទេ។
ជាលទ្ធផល មហាសន្និបាតបានអនុម័តឯកសារសំខាន់មួយគឺ សេចក្តីថ្លែងការណ៍ទីក្រុង Luanda (Luanda Declaration) ស្តីពី “សកម្មភាពរបស់សភាដើម្បីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ”។

នៅរសៀលថ្ងៃដដែល គណៈប្រតិភូបានអញ្ជើញចូលរួមពិធីបិទផ្លូវការនៃមហាសន្និបាត IPU លើកទី១៤៧ ក្រោមអធិបតីភាពលោកជំទាវ Carolina Cerqueira ប្រធានរដ្ឋសភា Angola និងឯកឧត្តម Duarte Pacheco ប្រធាន IPU។

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ