ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ចូលជួបសម្តែងការគួរសម
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ អ៊ូឃូ ខូចាអេសហ្វ៊េ (OIko Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

លោកជំទាវឯកអគ្គរដ្ឋទូត​បានសម្តែងការអបអរសាទរចំពោះការចាប់ផ្តើមទំព័រថ្មីនៃព្រឹទ្ធសភា អាណត្តិទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងបានបញ្ជាក់ ពីសារៈសំខាន់នៃការបន្តការធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសតាមរយៈតួនាទីដ៏សំខាន់រវាងព្រឹទ្ធសភាកម្ពុជា និងសភាជាតិតួកគីយេ។

ក្នុងឱកាសដែលឆ្នាំ២០២៤នេះ ជាខួប ៦៥ឆ្នាំ​ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងតួកគីយេ ភាគីទាំងពីរ បានប្តេជ្ញាជំរុញការវិនិយោគនិងពាណិជ្ជកម្ម ការលើកកម្ពស់ការយល់ដឹងទៅវិញទៅមកអំពីវប្បធម៌ អារ្យធម៌ ព្រមទាំងជំរុញទំនាក់ទំនងប្រជាជននិងប្រជាជន និងកំណើនទេសចរ។ ភាគីទាំងពីរក៏បានឯកភាពពិនិត្យលទ្ធភាពក្នុងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខសភាជាតិ និងព្រឹទ្ធសភា​​ នៃប្រទេសទាំងពីរ។ លោកជំទាវ ឯកអគ្គរដ្ឋទូតបានអះអាងថា អាកាសចរណ៍តួកគីយេ និងចាប់ផ្តើមហោះហើរត្រង់ភ្នំពេញ-អង់ការា ក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុប្រធានទី២ ព្រឺទ្ធសភា បានសម្តែងការអរគុណដល់រដ្ឋាភិបាលតួកគីយេ ដែលបានផ្តល់នូវជំនួយដល់វិស័យអភិវឌ្ឍន៍ជនបទ សុខាភិបាល ការអប់រំ ការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ និងគម្រោងសាងសង់ផ្ទះដល់ប្រជាជនក្រីក្រ នៅស្រុកស្អាង​ ខេត្តកណ្តាល។ ឯកឧត្តមក៏បានស្នើលទ្ធភាពពង្រឹងពង្រីកតួនាទីរបស់ក្រុមមិត្តភាពនៃសមាជិកសភា តាមរយៈយន្តការដែលមានស្រាប់រវាងអង្គនីតិបញ្ញត្តិរបស់ប្រទេសទាំងពីរ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ