ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កម្មវិធី SuRaLa Math មានវិធីសាស្រ្តបង្រៀនគណិតវិទ្យា ងាយស្រួល និងមិនធ្វើឱ្យសិស្សានុសិស្សធុញទ្រាន់ ពេលរៀនច្រើនម៉ោង ព្រមទាំងខំប្រឹងរៀនដើម្បីប្រកួតប្រជែងយកពានរង្វាន់កិត្តិយស
 
ចែករំលែក ៖

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥ នៅសាលពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានអនុញ្ញាតជូនលោកស្រី Tomoko Fujihira អគ្គនាយកផ្នែកទីផ្សារនៃក្រុមហ៊ុន SuRaLa Net នៅបរទេស ដែលជាក្រុមហ៊ុនផ្តល់សេវាអប់រំ តាមប្រព័ន្ធអ៊ីនធឺណិត (E-Learning) ចំពោះសិស្សពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១ ដល់ទី១២) និងសហការី ចូលជួបដើម្បីពិភាក្សាការងារ។

លោកស្រី Tomoko Fujihira បានជម្រាបជូនឯកឧត្តមបណ្ឌិត ប្រធានស្តីទីព្រឹទ្ធសភា អំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជូលការបង្រៀន គណិតវិទ្យា និងវិទ្យាសាស្រ្ត តាមប្រព័ន្ធអ៊ីនធឺណិត ដល់សិស្សថ្នាក់ទី៧។ កាលពីខែមុនក្រុមហ៊ុននេះ បានសម្រេចបញ្ជូលភាសាខ្មែរ ក្នុងកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត របស់ខ្លួនបន្ថែមពីលើភាសា អង់គ្លេស ឥណ្ឌូនេស៊ី និងស្រីលង្កា ដោយសង្ឃឹមថា ក្នុងខែតុលានេះ ក្រុមហ៊ុន នឹងអាចដាក់បង្ហាញមេរៀនជាភាសាខ្មែរ នៅលើកម្មវិធីរបស់ SuRaLa Net បាន។

ឯកឧត្តមបណ្ឌិត ប្រធានស្តីទីព្រឹទ្ធសភា បានបង្ហាញការគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រុមហ៊ុន SuRaLa Net និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដែលខិតខំបញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ពីគោលបំណងក្នុងការបង្កើតកម្មវិធីសិក្សាសម្រាប់កុមារកម្ពុជា ដែលនៅតាមជនបទ និងមានបំណងបង្កើតកម្មវិធីប្រកួតប្រជែង “ចម្លើយសេដ្ឋីកម្ពុជា” កម្រិតជាតិ ដែលអាចជំរុញទឹកចិត្តដល់សិស្ស ឱ្យបន្តខិតខំព្យាយាមសិក្សាបន្ថែមទៀត ដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែង “ចម្លើយសេដ្ឋីអាស៊ាន” កម្រិតតំបន់។

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានណែនាំឱ្យក្រុមការងារខុទ្ទកាល័យ បន្តសហការជាមួយក្រុមហ៊ុន SuRaLa Net ដើម្បីអនុវត្តគម្រោង និងកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់កុមារ និងសិស្សានុសិស្សកម្ពុជា ទាំងក្នុងមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត និង
ឌីជីថល។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ