ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ បើគ្មានសន្តិភាព គឺគ្មានសិទ្ធិអ្វីៗទាំងអស់
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអនុញ្ញាត ឱ្យឯកឧត្តម TSUTSUMI Naohiro អគ្គរាជទូតសម្រាប់កិច្ចការសិទ្ធិមនុស្ស និងសន្តិភាព ស្ថិរភាពអន្តរជាតិ ក្រសួងការបរទេសជប៉ុន ចូលជួបពិភាក្សាការងារអំពីវឌ្ឍនភាព ស្ថានភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តម TSUTSUMI Naohiro និងសេចក្តីរីករាយសម្រាប់ជំនួបពិភាក្សាដ៏សំខាន់ក្នុងឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានជម្រាបឯកឧត្តមអគ្គរាជទូត ពីមនោសញ្ជេតនាដ៏ល្អរបស់ប្រជាជនកម្ពុជា ចំពោះប្រទេស និងប្រជាជនជប៉ុន ដែលតែងតែជួយកម្ពុជា ជាពិសេសចាប់តាំងពី១៩៩៣ ទាំងក្នុងវិស័យច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអប់រំ។  

ក្នុងតួនាទីជាសមាជិកព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត បានវាយតម្លៃពីស្ថានភាពទូទៅនៃការអនុវត្តច្បាប់ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា មានវឌ្ឍនភាពជាវិជ្ជមាន តាំងពីឆ្នាំ១៩៩៣មក ហើយការបោះឆ្នោតគឺ ទទួលបានការចូលរួមច្រើនពីប្រជាជន (អត្រាខ្ពស់ជាង80%)។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម TSUTSUMI Naohiro បានវាយតម្លៃខ្ពស់និងអបអរសាទរចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តម បន្តថាជប៉ុន គឺជាមិត្តដ៏ល្អរបស់កម្ពុជា មិនថាថ្ងៃនេះ ឬទៅថ្ងៃអនាគត ជប៉ុននឹងបន្តចូលរួមជួយអភិវឌ្ឍកម្ពុជា លើគ្រប់វិស័យ ដែលរួមមានទាំងផ្នែកសិទ្ធមនុស្ស និងប្រជាធិបតេយ្យផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ជឿជាក់ថា កម្ពុជា នឹងបន្តពង្រឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតទៅមុខទៀត។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា បើគ្មានសន្តិភាព គឺគ្មានសិទ្ធិអ្វីៗទាំងអស់ រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដូចករណីព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន សិទ្ធិរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងលំនៅស្ថានឯកជន របស់ប្រជាជនកម្ពុជា កំពុងត្រូវបានរំលោភបំពាន ដោយកងទ័ពថៃ បានបណ្ដេញពួកគាត់ចេញពីផ្ទះ និងប្រើបន្លាលួសព័ន្ធភូមិដ្ឋានរបស់ពួកគាត់ដែលកំពុងរស់នៅ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ