ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញឡើងថ្លែងសុន្ទរកថានៅក្នុងពិធីបើក សន្និសីទសាមគ្គីភាពសង្គមស៊ីវិលអន្តរជាតិលើកទី២ ស្ដីពីគំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល
 
ចែករំលែក ៖

នៅក្នុងទីក្រុងហូហត នៃតំបន់ស្វយ័តម៉ុងហ្គោលី សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់អ្នកចូលរួម ជាង ៣០០នាក់ មកពីទូទាំងពិភពលោកដែលមានសមាសភាពជាថា្នក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំប្រទេស ព្រមទាំងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាល សហគ្រាស សកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ។
ក្នុងបទអន្តរាគមន៍ដែលមានរយៈពេល ៥នាទី ក្រោមមូលបទ៖ “ការប្រមែប្រមូលកុងសង់ស៊ីសសម្រាប់ការអភិវឌ្ឍជាមួយនឹងកាលានុវត្តភាពរួមគ្នា៖កសាងអនាគតប្រកបដោយវិបុលភាពទាំងអស់គ្នា” ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថា មូលបទនេះឆ្លុះបញ្ចាំងឱ្យឃើញពីបច្ចុប្បន្នភាពដែលយើងត្រូវការជាបន្ទាន់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតមួយដោយមិនទុកនរណាម្នាក់ចោលឡើយ។ “បច្ចុប្បន្ន ក្នុងពេលដែលយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមសកល រាប់ចាប់ពីបញ្ហាភាពក្រីក្រ និងវិសមភាព រហូតដល់ការប្រែប្រួលអាកាសធាតុ និងវិបត្តិសុខភាព យើងត្រូវចងចាំថា បញ្ហាប្រឈមទាំងអស់នេះគឺជាបញ្ហាឆ្លងដែន។ រដ្ឋាភិបាល ឬសង្គមស៊ីវិលតែឯងមិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានឡើយ ពោលគឺតម្រូវឱ្យមានភាពជាដៃគូរវាងបណ្តាប្រទេស សហគមន៍ និងវប្បធម៌ ហើយសំខាន់បំផុតនោះគឺតម្រូវឱ្យមាន ចក្ខុវិស័យមួយដែលយកប្រជាជនជាស្នូលនៃការអភិវឌ្ឍ”។
ឯកឧត្តម បានសម្ដែងការកោតសរសើរចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានដាក់ចេញ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” (GDI)។ គោលការណ៍នៃគំនិតផ្តួចផ្តើមអភិឌ្ឍន៍សកល (GDI) នេះផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នារបស់ប្រជាជាតិ និងប្រជាជននៅជុំវិញពិភពលោក។ គំនិតផ្តួចផ្ដើម GDI មានតួនាទីដ៏សំខាន់នៅក្នុងការធ្វើសុខដុមនីយកម្មរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាមួយនឹងគោលដៅអភិវឌ្ឍន៍សកល ជាពិសេស“របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ដែលជាគ្រឹះសំខាន់នៃចក្ខុវិស័យថ្នាក់ជាតិរបស់កម្ពុជា។ របៀបវារៈសកលនេះត្រូវបានជំរុញតាមរយៈការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយ តាក់តែងឡើងដើម្បី
ពន្លឿនកំណើនសេដ្ឋកិច្ច លើកកម្ពស់កិច្ចគាំពារសង្គម និងធានានូវវឌ្ឍនភាពប្រកបដោយចីរភាពសម្រាប់ប្រជាជន។
ឯកឧត្តមអនុប្រធានទី១ បានបន្តថា គំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល (GDI)មិនមែនផ្ដល់ត្រឹមតែក្របខ័ណ្ឌគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជាវេទិកាប្រកបដោយថាមវន្តដើម្បីតភ្ជាប់កិច្ចខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអន្តរជាតិ។ សម្រាប់ប្រទេសកម្ពុជា វេទិកានេះគឺជាឱកាសក្នុងការសម្របសម្រួលការ រួមចំណែក របស់សង្គមស៊ីវិលអន្តរជាតិជាមួយនឹងអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា។ វេទិកានេះក៏បានអនុញ្ញាតឱ្យយើងចែករំលែកនូវបទពិសោធ ពង្រីកការអនុវត្តដែលទទួលបានជោគជ័យឱ្យបានទូលំទូលាយ និងកែសម្រួលនវានុវត្តន៍ឱ្យសមស្របទៅនឹងបរិបទរបស់ប្រទេស។ តាមរយៈការចូលរួមពី សំឡេងសង្គមស៊ីវិល គំនិតផ្តួមផ្ដើម អភិវឌ្ឍន៍សកល (GDI) អាចជួយគាំទ្រកម្ពុជាតាមរបៀបក្នុងការធ្វើទំនើបកម្មលើការផ្តល់សេវាសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការពង្រីកប្រព័ន្ធគាំពារសង្គមដែលមានលក្ខណៈចូលរួម និងសមស្របតាមវប្បធម៌។
ចំពោះការចូលរួមចំណែករបស់សង្គមស៊ីវិលនៅក្នុងការអភិវឌ្ឍ ឯកឧត្តមអនុប្រធានទី១ បានសង្កត់សង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាលទាំងក្នុងស្រុក និងអន្តរជាតិត្រូវតែធ្វើប្រតិបត្តិការរបស់ខ្លួនដោយមានសុចរិតភាព តម្លាភាព និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះតម្រូវការពិតប្រាកដរបស់ប្រជាជនដែលពួកគេកំពុងបម្រើសេវា ។ “យើងខ្ញុំស្វាគមន៍ចំពោះការឧបត្ថម្ភគាំទ្រពីគ្រប់ប្រភពទាំងអស់ ជាពិសេសជំនួយបរទេសដែលផ្ដល់ជូនអង្គការក្រៅរដ្ឋាភិបាលសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជាតិ ប៉ុន្តែការផ្ដល់ជំនួយនេះត្រូវតែស្ថិតក្នុងក្របខ័ណ្ឌនៃការគោរពអធិបតេយ្យជាតិ គោរពតាម ច្បាប់ជាតិ និងផ្អែកលើការគោរពគ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់”។
នៅចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី ១ សង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងក្លាយទៅជាសារសម្រាប់អំពាវនាវឱ្យមានការប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ការពង្រឹងមូលដ្ឋានគ្រឹះនៃពហុភាគីនិយម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌រវាងបណ្ដាប្រទេសខាងជើង (Global North) បណ្ដាប្រទេសខាងត្បូង (Global South) ជាពិសេសកាតព្វកិច្ចរួមគ្នាក្នុងការបង្កើតភាពជាដៃគូមួយដែលគោរពនូវសេចក្តីថ្លៃថ្នូរ ការពារអធិបតេយ្យ និងជំរុញយុត្តិធម៌៕

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ