ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៦ អនុម័តតែងតាំងជាអគ្គលេខាធិការអាយប៉ាថ្មី (លើកទី៧)
 
ចែករំលែក ៖

នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងអំឡុងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ាលើកទី៤៦ (46th AIPA) ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៦ អនុម័តតែងតាំងជាអគ្គលេខាធិការអាយប៉ាថ្មី (លើកទី៧) សម្រាប់អាណត្តិ ២០២៦-២០២៨។

ជារួម មហាសន្និបាតអាយប៉ាលើកទី៤៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤២ ដែលក្នុងនោះ មានសេចក្តីសម្រេចចំនួនបី ផ្តួចផ្តើមឡើងដោយសភាកម្ពុជា រួមមាន ១) សេចក្តីសម្រេចស្តីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ២) សេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង៣) សេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។ សភាសង្កេតការណ៍ដែលបានចូលរួម មានចំនួន១៤ប្រទេស ហើយសភាដែលនឹងធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតអន្តរសភាអាស៊ានបន្ទាប់ លើកទី៤៧ គឺសភានៃសាធារណរដ្ឋហ្វីលីពីន៕

ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ