មិត្តភាព កម្ពុជា-ជប៉ុន គឺពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក
 
ចែករំលែក ៖

នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងគណៈប្រតិភូសមាជិកព្រឹទ្ធសភា បានចូលរួមទទួលទានអាហារល្ងាច នៅស្ថានអគ្គរាជទូតជប៉ុន រាជធានីភ្នំពេញ ដែលរៀបចំដោយ ឯកឧត្តម UENO Atsushi អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានរំលឹកអំពី ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលមានឡើងតាំងពីឆ្នាំ១៩៥៣ ហើយត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លើសពីនេះប្រជាជនកម្ពុជា មានមនោសញ្ចេតនាល្អ ចំពោះប្រជាជន និងប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជាទាំងក្នុងវិស័យច្បាប់ អប់រំ សង្គម កសិកម្ម និងការដោះមីនជាដើម ពិសេសចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត និងឯកឧត្តមអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាគ្នាអំពី ស្ថានភាពពិភពលោក ដែលមានភាពតានតឹងផ្នែកសន្តិសុខ នយោបាយ និងពាណិជ្ជកម្ម។ ដោយឡែកស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានមើលឃើញថា នៅតែផុយស្រួយ ទោះបីមានបទឈប់បាញ់។ ឯកឧត្តមបណ្ឌិត បានជម្រាបជូន ឯកឧត្តមអគ្គរាជទូតជប៉ុនថា កម្ពុជាត្រូវការសន្តិភាព និងបានព្យាយាមដោះស្រាយជម្លោះ តាមរយៈការចរចា ផ្អែកលើកច្បាប់ និងកិច្ចព្រមព្រៀង ប្រកបដោយភាពអត់ធ្មត់ និងដោយបើកចំហ ពោលគឺកម្ពុជា រីករាយឱ្យមានការចូលរួមពីបណ្តាប្រទេសអាស៊ាន អាម៉េរិក ចិន និងជប៉ុនជាដើម។

ឯកឧត្តមបណ្ឌិត និងឯកឧត្តមអគ្គរាជទូតជប៉ុន សង្ឃឹមថា បញ្ហាតំបន់ព្រំដែនកម្ពុជា-ថៃ នឹងវិលត្រឡប់ទៅរកប្រក្រតីភាពវិញក្នុងពេលឆាប់ខាងមុខនេះ ជាពិសេសគឺការដោះលែងត្រឡប់មកវិញនូវទាហ៊ានកម្ពុជា ១៨រូប ដែលកងទ័ពថៃចាប់ធ្វើជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន។

ឯកឧត្តមបណ្ឌិត និងអគ្គរាជទូតជប៉ុន បានបញ្ជាក់គ្នាជាថ្មីម្តងទៀតថា មិត្តភាព កម្ពុជា-ជប៉ុន គឺពោរពេញដោយការគោរពស្រឡាញ់ និងការពារគ្នាទៅវិញទៅមក។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ