ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសហភាពអន្តរសភា (IPU) លើកទី២១៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និង គណៈប្រតិភូសភាកម្ពុជា (ព្រឹទ្ធសភា និងរដ្ឋសភា) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៦ (216 session of the Governing Council ) នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
កិច្ចប្រជុំបានពិភាក្សាផ្អែកលើរបៀបវារៈសំខាន់ៗ ព្រមទាំងបានអនុម័ត និងកត់សម្គាល់លើ៖ (១) កំណត់ហេតុសង្ខេបនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៥, (២) ការបោះឆ្នោតជ្រើសរើសលោកជំទាវ G. Morawska-Stanecka អនុប្រធាន (IPU) ជាប្រធានដឹកនាំមហាសន្និបាតលើកទី១៥១ (ដោយសារលោកជំទាវ Tulia Ackson មិនបានចូលរួម), (៣) របាយការណ៍របស់ប្រធានសហភាពអន្តរសភាស្តីពីសកម្មភាពរបស់ប្រធាន IPU ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៥ និងសកម្មភាពរបស់គណៈកម្មាធិការប្រតិបត្តិរបស់ IPU, (៤) របាយការណ៍របស់អគ្គលេខាធិការស្តីពីសកម្មភាពរបស់ IPU ប្រចាំឆ្នាំ២០២៥ (៥) ស្តាប់របាយការណ៍លទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២៥ របស់ IPU, (៦) ការបញ្ចូលក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេដា រូសាឡឹម (Legislative Council of Brunei Darussalam) ជាសមាជិកទី១៨២ របស់ IPU, (៧) របាយការណ៍នៃសន្និសីទប្រធានសភាពិភពលោកលើកទី៦ និងកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីលើកទី១៥, (៨) ការកំណត់មូលបទអទិភាពនៃឆ្នាំ២០២៥ ស្តីពីការជំរុញសមភាពយែនឌ័រ និង(៩) បច្ចុប្បន្នភាពនៃការអនុវត្តប្រធានបទអាទិភាពឆ្នាំ២០២៥ ស្តីពីការជំរុញសមភាពយែនឌ័រ។
នៅបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៦ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និង គណៈប្រតិភូសភាកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតIPU លើកទី១៥១ ក្រោមមូលបទ ស្តីពីការប្រកាន់ខ្ជាប់នូវបទដ្ឋានមនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ក្នុងគ្រាមានវិបត្តិ ( Upholding humanitarian norms and supporting humanitarian action in times of crisis)។

ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ