ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាក្នុងក្របខ័ណ្ឌសហភាពអន្តរសភា នៅទីក្រុងហ្សឺណែវ
 
ចែករំលែក ៖

ស្របជាមួយមហាសន្និបាតនៃសហភាពអន្តរសភានៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា(ASGP) ក្នុងក្របខ័ណ្ឌនៃសហភាពអន្តរសភា(IPU) ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអគ្គលេខាធិការសភា ឬតំណាងអគ្គលេខាធិការ ដែលមកពីបណ្តាប្រទេសប្រមាណចំនួន១០០។

អង្គប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗរួមមាន៖ (១) នវានុវត្តន៍នៅក្នុងកិច្ចការសភា, (២) វិធានទប់ស្កាត់ហានិភ័យដែលអាចធ្វើឱ្យខកខានប្រជុំសភា, (៣) សមភាពយេនឌ័រក្នុងសភា, (៤) ការចូលរួមរបស់យុវជន, (៥) សភាប្រកបដោយនិរន្តរភាព និងបរិស្ថានល្អ, (៦) ទំនាក់ទំនងសភាជាមួយតុលាការ, (៧) សុវត្ថិភាពសមាជិសភា និងមន្ត្រីបម្រើការក្នុងសភា, (៨) ការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើព័ត៌មានច្បាស់លាស់, និង(៩) ការរៀបចំសម្រាប់ការចូលនិវត្តន៍របស់មន្ត្រីអគ្គលេខាធិការដ្ឋាន។

អង្គប្រជុំក៏បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអគ្គលេខាធិការសភាចំនួន ៣រូប គឺ៖ អគ្គលេខាធិការមកពីសភាវៀតណាម អាល់ហ្សេរី និងបារ៉ែន។

ឆ្លៀតក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តម ឡាយ សំកុល បានជួបជាមួយអគ្គលេខាធិការសភាម៉ារ៉ុក តំណាងអគ្គលេខាធិការនៃសភាបារាំង អគ្គលេខាធិការសភាទីម័រឡេស្តេ និងអគ្គលេខាធិការរងរដ្ឋសភាវៀតណាម និងបានលើកអំពីកិច្ចការងារពង្រឹងសភានៃប្រទេសទាំងពីរ។

ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ