លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី អនុស្សាវរីយ៍ខួបទី១០ នៃកិច្ចព្រមព្រៀងប៉ារីស
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានអញ្ជើញអមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី អនុស្សាវរីយ៍ខួបទី១០ នៃកិច្ចព្រមព្រៀងប៉ារីស ដែលរៀបចំឡើងជាផ្នែកមួយនៃវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស  សាធារណរដ្ឋបារាំង។  

ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នេះ មានវាគ្មិនសំខាន់ៗចូលរួមដូចជា ឯកឧត្តម អេម៉ាន្យួអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម មៀ អាម័រ ម៉ូត្លី នាយករដ្ឋមន្ត្រីប្រទេសបាបាដូស ព្រមទាំងមេដឹកនាំរដ្ឋាភិបាល និងតំណាងអង្គការអន្តរជាតិជាច្រើន ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃសកម្មភាពអាកាសធាតុជាសកល។

កិច្ចប្រជុំនេះ មានគោលបំណងបង្កើនការសហការអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ក្រោមប្រធានបទ “សម្ព័ន្ធថ្មីសម្រាប់សន្តិភាព ប្រជាជន និងផែនដី” និងបានផ្តល់វេទិកាសម្រាប់ពិភាក្សាពីវឌ្ឍនភាព បញ្ចូលយុទ្ធសាស្ត្រអាកាសធាតុជាតិឲ្យស្របតាមគោលនយោបាយសកល និងលើកកម្ពស់វិធីសាស្ត្ររួមបញ្ចូលគ្នា ដើម្បីអភិរក្សជីវចម្រុះ អភិវឌ្ឍថាមពលស្អាត និងលើកកម្ពស់សុខុមាលភាពសង្គម។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ