គោលនយោបាយអន្តរជាតិរបស់កម្ពុជា គឺកសាងមិត្ត មិនបង្កើតសត្រូវ និងឈរលើគោលការច្បាប់ និងភាពត្រឹមត្រូវ
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា អមជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទីព្រឹទ្ធសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកសាស្ត្រាចារ្យ Hosoya Yuichi អ្នកជំនាញនយោបាយអន្តរជាតិដ៏ល្បី មកពីសកលវិទ្យាល័យ Keio Tokyo និងសហការី នៅសាលពិសេស៣ វិមានព្រឹទ្ធសភា។

នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ Hosoya បានជម្រាបឯកឧត្តមបណ្ឌិត អំពីគោលនយោបាយអន្តរជាតិរបស់ជប៉ុន ដែលកំពុងអនុវត្តដោយនាយករដ្ឋមន្រ្តីថ្មី លោកជំទាវ Sanae Takaichi ជាពិសេសតួនាទីរបស់ជប៉ុនក្នុងក្របខ័ណ្ឌសន្តិសុខ និងសក្ដានុភាពតំបន់នៅអាស៊ីបូព៌ា អាស៊ាន និងទ្វីបអាហ្រ្វិក។ លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា កម្ពុជា គឺតែងតែជាមិត្តល្អ និងមិត្តយូរអង្វែងរបស់ជប៉ុន ជាពិសេសកម្ពុជា គឺជាប្រទេសដំបូងបំផុត ដែលប្រកាសគាំទ្រយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។ លោកសង្កេតឃើញថា គោលនយោបាយអន្តរជាតិកម្ពុជា តែងតែឈរជាមួយគោលការណ៍ត្រឹមត្រូវ និងយុត្តិធម៌។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលនយោបាយអន្តរជាតិរបស់កម្ពុជា គឺកសាងមិត្ត មិនបង្កើតសត្រូវ និងឈរលើគោលការច្បាប់ និងភាពត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយការទូតដោយសន្តិវិធីទាក់ទងនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺសេចក្តីប្រកាសរួមស្តីពីសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិត និងឯកឧត្តមអគ្គរដ្ឋទូតជប៉ុន បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការវិនិយោគពីជប៉ុន ការបង្កើតរោងចក្រកែច្នៃ និងឥណនទានសម្បទាន ជាដើម។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើង អំពីការស្រាវជ្រាវរួមគ្នារវាងសកលវិទ្យាល័យ Keio Tokyo និងអ្នកស្រាវជ្រាវកម្ពុជា លើវិស័យទំនាក់ទំនងអន្តរជាតិបន្ថែមទៀតផងដែរ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ