ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ កសាងភូមិគម្រូបន្ថែមទៀត នៅតាមភូមិភាគទាំង ៨ ព្រឹទ្ធសភា ដោយផ្តោតលើការអប់រំកុមារ និងសុខភាព
 
ចែករំលែក ៖

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលជួបជាមួយ លោកស្រី វ៉ង យ៉ាហួយ ប្រធានមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហការី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការលើកកម្ពស់គុណភាពជិវិតប្រជាជន តាមរយៈការផ្តល់មូលនិធិជួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការអប់រំ សុខាភិបាល និងទេសចរណ៍។

លោកស្រី ប្រធានមូលនិធិ បានជម្រាបថា មូលនិធិចិនដើម្បីសន្តិភាព និងការអភវឌ្ឍបង្កើតនៅឆ្នាំ២០១១ នៅរដ្ឋធានីប៉េកាំង ក្រោមបេសកកម្មចូលរួមកសាង សន្តិភាព និងការអភិវឌ្ឍ នៅបណ្តាប្រទេសជាមិត្តរបស់ចិននៅលើពិភពលោក។  សមិទ្ធផល និងស្នាដៃ ជាច្រើនរបស់មូលនិធិ នៅក្នុងប្រទេសកម្ពុជា ផ្តោតលើការកសាងសាលារៀន បណ្ណាល័យ មន្ទីរពេទ្យ និងការអភិវឌ្ឍភូមដាច់ស្រយ៉ាល។ លោកស្រីបានបញ្ជាក់ថា សកម្មភាពរបស់មូលនិធិ គឺត្រូវអនុវត្តទៅតាមផែនការ ៥ឆ្នាំលើកទី១៥ របស់ចិន (២០២៦-២០៣០) ដែលសំដៅកសាងសហគមជោគវាសនារួម ប្រកបដោយសន្តិភាព និងវិបុលភាព។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានវាយតម្លៃខ្ពស់ និងសាទរចំពោះសមិទ្ធផលដែល មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និងមូលនិធិ Peaceland បានចូលរួមក្នុងការលើកកម្ពស់វិបុលភាពសង្គមកម្ពុជាកន្លងមក។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ  កសាងភូមិគម្រូបន្ថែមទៀត ឱ្យបានគ្រប់ភូមិភាគទាំង ៨ ដោយគួរផ្តោតលើការអប់រំកុមារ និងសុខភាព ដែលជាកត្តាគន្លឹះរុញច្រានវិបុលភាពសង្គមនាថ្ងៃអនាគត។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ