ឯកឧត្តម ងី ច័ន្ទ្រផល បន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងពិធីបើកមហាសន្និបាត និងកិច្ចពិភាក្សាទូទៅក្នុងកិច្ចប្រជុំពេញអង្គ រួមនិងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ APA នៅប្រទេសបារ៉ែន
 
ចែករំលែក ៖

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងពិធីបើកមហាសន្និបាត និងកិច្ចពិភាក្សាទូទៅក្នុងកិច្ចប្រជុំពេញអង្គ រួមនិងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ APA មួយចំនួន ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។​ អមដំណើរគណៈប្រតិភូចូលរួមនាពេលនោះរួមមាន ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា, ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦រដ្ឋសភា, ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្របារ៉ែន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភាផងដែរ។

ពិធីបើកមហាសន្និបាតលើកទី១៦ APA ប្រព្រឹត្តទៅដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ahmed bin Salman Al-Musallam ប្រធានក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្របារ៉ែន និងជាប្រធានសភាតំបន់អាស៊ី APA ដែលមានគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកចំនួន ១៩ និងអង្គការសង្កេតការចំនួន ៨ ព្រមទាំងអគ្គលេខាធិការដ្ឋានអចិន្រ្ដៃយ៍ APA ផងដែរ។

ថ្លែងក្នុងឱកាស នៃកិច្ចពិភាក្សាទូទៅ (General Debate) ឯកឧត្តម ងី ច័ន្ទ្រផល រួមទាំងតំណាងសភាប្រទេសចំនួន ១៩ និងអង្គការសភា ចំនួន៦ បានឡើងធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួន ស្តីពីតួនាទីរបស់សភាអាស៊ីក្នុងការពង្រឹងកិច្ចសន្ទនាអន្តរវប្បធម៌ និងអន្តរអរិយធម៌នៅអាស៊ី៖ កាលានុវត្តភាព ការប្រឈម និងផ្លូវនាពេលអនាគត។ ឯកឧត្តមប្រធានគណៈប្រតិភូ បានសង្កត់ធ្ងន់លើភាពចម្រុះខាងអរិយធម៌ដ៏សម្បូរបែបរបស់អាស៊ីជាមូលដ្ឋានសម្រាប់ការសន្ទនា បានគូសបញ្ជាក់ពីឱកាសសម្រាប់សភាក្នុងការលើកកម្ពស់ការអត់ឱន ការចូលរួមរបស់យុវជន និងគោលនយោបាយរួមបញ្ចូល ទទួលស្គាល់បញ្ហាប្រឈមដូចជា ភាពជ្រុលនិយម ព័ត៌មានក្លែងក្លាយ និងការបែងចែកសង្គម ព្រមទាំងអំពាវនាវឱ្យសភាអាស៊ីពង្រឹងក្របខ័ណ្ឌច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការអប់រំ ដើម្បីកសាងអាស៊ីមួយដែលមានសន្តិភាព សុខដុមរមនា និងវិបុលភាព។

ចំពោះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព អង្គប្រជុំបានសម្រេចអនុម័តលើសេចក្តីសម្រេចចំនួនបី ដើម្បីដាក់ជូនមហាសន្និបាតអនុម័ត ដែលរួមមាន៖ (១) កិច្ចការហិរញ្ញវត្ថុ, (២) អនាម័យ និងទឹកនៅក្នុងតំបន់អាស៊ីជារួម និង (៣) គោលការណ៍សេដ្ឋកិច្ចហាឡាល់៕

ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ