កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង APF
 
ចែករំលែក ៖

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភាប្រទេសម៉ុងតេណេហ្គ្រោ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង។

នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តម នៅចំពោះមុខអង្គប្រជុំ ក្នុងរបៀបវារៈស្តីពី «ការពិនិត្យពិច័យលើស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចតទៅនេះ៖

  • ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះកាន់តែគួរឱ្យព្រួយបារម្ភ ដោយសារតែគោលការណ៍ និងលិខិតុបករណ៍អន្តរជាតិដែលមានស្រាប់បង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះ មិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។
  • ក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយឯកសារអស់ទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិដែលមានអានុភាពខាងច្បាប់បង្ខំឱ្យអនុវត្ត ដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតអន្តរជាតិ ហើយដែលបានកំណត់យ៉ាងច្បាស់លាស់អំពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
  • លើសពីនេះ យន្តការរួមត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងភាពតានតឹងនៅលើទីតាំងផ្ទាល់រួមមាន៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលផ្តោតលើការសម្របសម្រួល និងបង្ការឧប្បត្តិហេតុនានា និងគណៈកម្មការចម្រុះព្រំដែន (JBC) ទទួលបន្ទុកទិដ្ឋភាពបច្ចេកទេសនៃការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដោយមានបញ្ជាក់ពីនីតិវិធីនៃកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅក្នុងតំបន់ព្រំដែន។
  • ទោះបីជាមានយន្តការទាំងនេះក៏ដោយ ក៏ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះនៅតែមានកម្រិតខ្ពស់។ មូលហេតុគឺដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិដែលបានរៀបរាប់ខាងលើ ព្រមទាំងការព្យាយាមជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដើម (Status Quo) នៃដែនដី ដោយផ្អែកលើផែនទីដែលរៀបចំឡើងជាឯកតោភាគីដោយភាគីថៃ ដែលគ្មានមូលដ្ឋានច្បាប់ព្រមព្រៀងគ្នា ឬការទទួលស្គាល់ជាអន្តរជាតិនោះឡើយ។ ការងាកចេញពីក្របខណ្ឌនេះ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ក្នុងកំឡុងពេលនៃប្រតិបត្តិការយោធា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
  • ដោយមិនគោរពតាមកិច្ចព្រមព្រៀងនេះ កងទ័ពថៃបានបន្តលុកលុយចូលក្នុងទឹកដីកម្ពុជារហូតដល់សាងសង់ឧបសគ្គផ្សេងៗ រួមមាន ខ្សែលួសបន្លា និងទូរកុងតឺន័រ រារាំងការចូលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល និងធ្វើឱ្យការជម្លៀសប្រជាជនជាច្រើននៅតែបន្តអូសបន្លាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺអំពើអស់ទាំងនេះបានភ្ជាប់មកជាមួយនឹងវត្តមាន និងការគ្រប់គ្រងត្រួតត្រាជាបន្តបន្ទាប់នូវតំបន់មួយចំនួនដែលស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា ដែលនេះបង្កើតឱ្យមានជាការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ឯកឧត្តមបានបន្ថែមថា ៖

  • លើសពីសោកនាដកម្មមនុស្សជាតិ ព្រលឹងវប្បធម៌កម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។ ប្រទេសជាតិយើងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដល់ទីតាំង និងរូបសំណាកបេតិកភណ្ឌនានា។ រូបសំណាកព្រះវិស្ណុ និងទីតាំងបុរាណជាច្រើន រួមទាំងប្រាសាទព្រះវិហារ ដែលជានិមិត្តរូបសកលនៃសន្តិភាព និងទេពកោសល្យរបស់មនុស្សជាតិដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ត្រូវបានរងការប៉ះពាល់ ។
  • ការខូចខាតទាំងនេះមិនត្រឹមតែជាការបាត់បង់ក្នុងកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ករបួសស្នាមដល់កេរដំណែលរួមរបស់មនុស្សជាតិផងដែរ។ ការវាយប្រហារលើបេតិកភណ្ឌវប្បធម៌ គឺជាការធ្វើឱ្យរង្គោះរង្គើដល់ការចងចាំជាច្រើនសតវត្ស អត្តសញ្ញាណនៃប្រជាជាតិមួយ និងជាទ្រព្យសម្បត្តិដែលយើងមានកាតព្វកិច្ចរួមគ្នាក្នុងការផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ។

អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ