ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យ ឯកឧត្តម តូម៉ាស់ ឡាំ (Thomas LAM) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង APF និងជាអនុប្រធានសភាប្រើភាសាបារាំង APF បានអនុញ្ញាតឱ្យ ឯកឧត្តម តូម៉ាស់ ឡាំ (Thomas LAM) តំណាងរាស្ត្រ នៃរដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានជម្រាបជូនពីសភាពការណ៍ជុំវិញការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និងសុឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយរាល់វិវាទ ដោយសន្តិវិធី ដោយផ្អែកលើឯកសារគតិយុត្តដែលទទួលស្គាល់ដោយទ្វេភាគី និងជាអន្តរជាតិ។ នៅក្នុងស្មារតីនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមមិត្តភាពសភាបារាំង-កម្ពុជា និងរដ្ឋាភិបាលបារាំង ដែលបានផ្តល់ការគាំទ្រដល់រាល់ការខិតខំប្រិងប្រែងរបស់កម្ពុជាដោយផ្អែកលើច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន  ដើម្បីឈានទៅដល់ដំណោះស្រាយមួយប្រកបដោយចីរភាព ។
ជាមួយគ្នានេះ នៅក្នុងស្មារតីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបារំាង យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ព្រឹទ្ធសភាកម្ពុជានឹងទទួលរៀបចំសិក្ខាសាលា និងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង APF ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងកិច្ចប្រជុំកំពូលអង្គការហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខនេះ។
ឯកឧត្តម តូម៉ាស់ ឡាំ (Thomas LAM) បានថ្លែងអំណរគុណ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ដែលបានចំណាយពេលសម្រាប់កម្មវិធីជំនួបនេះ ត្បិតរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែមានសារៈសំខាន់សម្រាប់កិច្ចខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសសភាបារាំង និងព្រឹទ្ធសភាកម្ពុជា ក៏ដូចជារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកភាពឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរជាទៀងទាត់ ដែលជាឱកាសដ៏មានសារៈសំខាន់ក្នុងការផ្លាស់ប្តូរមតិយោបល់ជុំវិញបញ្ហាក្នុតំបន់ និងពិភពលោក ដែលជាក្តីកង្វល់និង ជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា នាពេលខាងមុខ សភា និងរដ្ឋាភិបាលបារាំង នឹងចូលរួមពិភាក្សា និងលើកឡើងនូវការផ្តួចផ្តើមគំនិតជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ និងលើកកម្ពស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ