លោកជំទាវ មាន សំអាន ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធនារីវៀតណាម
 
ចែករំលែក ៖

នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ ត្រឹង ធី ឡាន ភឿង (Tran Thi Lan Phuong) អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធនារីវៀតណាម នៅទីស្នាក់កណ្តាលសហព័ន្ធនារី ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចជំនួបពិភាក្សានេះ លោកជំទាវប្រធានគណៈប្រតិភូបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះលោកជំទាវ និងថ្នាក់ដឹកនាំ ព្រមទាំងនារីវៀតណាមទូទាំងប្រទេសប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត។

លោកជំទាវ ក៏បានថ្លែងចូលរួមអបអរសាទរជាមួយបក្ស រដ្ឋ រណសិរ្ស និងប្រជាជនវៀតណាម ចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ក្នុងការដាក់ចេញគោលដៅសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាវិជ្ជមាន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីវៀតណាមក្នុងរយៈពេលកន្លងមក ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់នារីប្រទេសទាំងពីរ ព្រមទាំងថ្លែងអំណរគុណសហព័ន្ធនារីវៀតណាមដែលតែងតែជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ស្មារតី និងការបណ្តុះបណ្តាលធនធានមនុស្សដល់សមាគមនារីកម្ពុជា ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីវៀតណាម។

លោកជំទាវបានជម្រាបជូនផងដែរ អំពីសភាពការណ៍ជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតមនុស្ស សេដ្ឋកិច្ច-សង្គម ពិសេសស្ត្រី កុមារ។ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំពុះពារដោះស្រាយប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ការទូត និងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ ជម្លោះព្រំដែននេះ បានបង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីគុណតម្លៃនៃសន្តិភាពដែលកម្ពុជាបានប្រកាន់ខ្ជាប់កន្លងមក។

ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីវៀតណាម ឱ្យកាន់តែរឹងមាំក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម ផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ស្ត្រីប្រទេសទាំងពីរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ