







ទីក្រុងបាគូ៖ ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងសភារវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងការគាំទ្រគ្នាលើឆាកអន្តរជាតិ។
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជម្លោះពាសពេញពិភពលោក ដែលទាមទារឱ្យមានការរួមគ្នាជំរុញការគោរពគ្នាទៅវិញទៅមក និងការគោរពតាមសន្និសញ្ញា និងច្បាប់អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជម្រាបជូនលោកជំទាវ Sahiba Gafarova ថា កម្ពុជាតែងតែខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ ជាការឆ្លើយតប លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្តែងការយល់ដឹងចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានសម្តែងការគាំទ្រចំពោះកម្ពុជា ដែលបានជ្រើសរើសផ្លូវសន្តិវិធី និងតាមច្បាប់អន្តរជាតិ។
លោកជំទាវ Sahiba Gafarova បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាមេដឹកនាំដែលមានភាពឈ្លាសវៃ និងមានការយល់ដឹងស៊ីជម្រៅលើជម្លោះដែនដី រួមទាំងជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនីផងដែរ។ លោកជំទាវបានផ្តាំផ្ញើនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភាកម្ពុជា។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានជម្រាបជូន លោកជំទាវ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគោរពដោយស្មោះពីសម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោកជំទាវ Sahiba Gafarova និងឯកឧត្តមប្រធានាធិបតី Ilham Aliyev ។
មុននឹងបញ្ចប់កិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញនិងសម្របសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាពិសេសទាក់ទងនឹងវិស័យអប់រំ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញ និងសម្របសម្រួលបង្កើនការផ្លាស់ប្តូរមន្ត្រីសភា និងអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាផងដែរ៕
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា