ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពីការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង នាប្រទេសអាស៊ែបៃហ្សង់
 
ចែករំលែក ៖

ទីក្រុងស៊ូសា ប្រទេសអាស៊ែបៃហ្សង់៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «ការរួមចំណែករបស់តំបន់ចំពោះសន្តិសុខសកល៖ ការកសាងសន្តិភាពនៅតំបន់កូកាស៊ីសខាងត្បូង» ដោយមានការអញ្ជើញចូលរួមពីតំណាងសភា រដ្ឋាភិបាល គណបក្សនយោបាយ ស្ថាប័នស្រាវជ្រាវ និងស្ថាប័នផ្សព្វផ្សាយព័ត៌មាន មកពីបណ្តាប្រទេសចំនួន១៥។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ៖ «គម្រោងកម្រិតតំបន់ និងកិច្ចសហប្រតិបត្តិការឆ្លងដែន៖ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៃសន្តិភាពប្រកបដោយចីរភាព»។ តាមរយៈសុន្ទរកថានេះ ឯកឧត្តម បានលើកឡើងអំពីបទពិសោធជោគជ័យរបស់កម្ពុជា ក្រោមការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ដែលជាការផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង និងការកសាងសន្តិភាព។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា «ជោគជ័យរបស់កម្ពុជាកន្លងមក មិនមែនផ្អែកតែលើការកែទម្រង់ផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្អែកយ៉ាងសំខាន់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិ ទៅក្នុងតំបន់ និងពិភពលោក ដែលកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេស ឱ្យមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមព្រំដែន»។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានរំលឹកផងដែរថា សេដ្ឋកិច្ចនៅតាមព្រំដែនបានរងការខូចខាត ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានធ្វើការអំពាវនាវដល់បណ្តាប្រទេសជាមិត្តជួយតាមដានសង្កេត និងផ្តល់ការគាំទ្រដល់ភាពត្រឹមត្រូវ យុត្តិធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ ជាជាងការគាំទ្រប្រទេសមួយ ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត៕

ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ